និពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា បានបញ្ជាក់ថា វិទ្យុបារាំង RFI នៅតែបន្តគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងដើរតាមបន្ទាត់ វិចារណកថារបស់ខ្លួនដើម្បីផ្តល់ជាអត្ថប្រយោជន៍ និងពុទ្ធិដល់ពលរដ្ឋ និងសង្គមកម្ពុជា
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស លោក គួច គន្ធារ៉ា និពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា ( ភាសាខ្មែរ ) ប្រចាំនៅប្រទេសបារាំង បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។
លោក គួច គន្ធារ៉ា បានជម្រាបជូនថា ចាប់តាំងពីវិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា បានប្តូរពីការផ្សាយតាមរលកធាតុអាកាស FM92 MHz មកជាការផ្សាយបែបថ្មី ឌីជីថល ១០០ភាគរយ ចាប់ពីខែសីហា ឆ្នាំ២០២៣មក លោកត្រូវបាននាយកវិទ្យុបារាំងអន្តរជាតិ RFI តែងតាំងជានិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា។
លោក គន្ធារ៉ា បញ្ជាក់ថា ទោះជាបានប្តូរពីការផ្សាយតាមរលកធាតុអាកាសមកជាការផ្សាយបែបថ្មីឌីជីថល ១០០ភាគរយក្តី វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសានៅតែបន្តគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងដើរតាមបន្ទាត់ វិចារណកថារបស់ខ្លួនដើម្បីផ្តល់ជាអត្ថប្រយោជន៍ និងពុទ្ធិដល់ពលរដ្ឋ និងសង្គមកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រដល់ដំណើរផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា ទោះបីបានប្តូរពីការផ្សាយតាមរលកធាតុអាកាស មកជាការផ្សាយបែបថ្មី ឌីជីថល ប៉ុន្តែអ្វីដែលសំខាន់គឺការពង្រឹងគុណភាពព័ត៌មានដែលមានភាពទាក់ទាញ ផ្តល់ជំនឿទុកចិត្តដល់អ្នកអាន អ្នកស្តាប់ ហើយផ្សាយបានលឿន នៅតាមប្រពន្ធ័ផ្សព្វផ្សាយសង្គម នានា ។ ឯកឧត្តម សង្ឃឹមថា វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា នឹងនៅតែបន្តដំណើរផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីផ្សេងៗទៀតដូចកាលពីផ្សាយតាមរលកធាតុអាកាស ដែលទទួលបានការគាំទ្រពីអ្នកស្តាប់ និងអ្នកអានយ៉ាងច្រើន តាមរយៈកម្មវិធី ល្អៗ ព័ត៌មានជាតិ និងអន្តរជាតិទាន់ហេតុការណ៍ផ្សេងៗជាច្រើនជារៀងរាល់ថ្ងៃ ៕