មនុស្សជាង ១០០០នាក់ ត្រូវបានជម្លៀសចេញភ្លាមៗ ខណៈដែលទឹកជំនន់កំពុងវាយប្រហារភាគខាងជើងប្រទេសអ៊ីតាលី
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រុកប្រហែលជា ១០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ភាគខាងជើងនៃទីក្រុង Emilia-Romagna របស់ប្រទេសអ៊ីតាលី បន្ទាប់ពីតំបន់នេះបានរងនូវការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងបង្ករជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរពេញមួយយប់ម្សិលមិញ។ ទឹកទន្លេបានជន់លិចនៅក្នុងខេត្តចំនួន៣មានដូចជា Ravenna, Bologna និង Faenza ស្របពេលដែលអភិបាលក្រុងក្នុងតំបន់បានស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះជាន់ខាងលើឬត្រូវចាកចេញពីផ្ទះរបស់ពួកគេដែលមានកម្ពស់ទាបៗ។ យ៉ាងហោចណាស់អ្នកស្រុកចំនួន៨០០ នៅក្នុងតំបន់ Ravenna និងជិត២០០ នាក់នៅក្នុងខេត្ត Bologna បានចំណាយពេលមួយយប់នៅក្នុងជម្រក សាលារៀន និងមជ្ឈមណ្ឌលកីឡា ខណៈដែលទឹកទន្លេក្នុងស្រុកបានហក់ឡើងព្រមគ្នាដែរ។ សេវាកម្មរថភ្លើងត្រូវបានផ្អាក ហើយសាលារៀនក៏ត្រូវបានបិទនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ ហើយអ្នកស្រុកភាគច្រើនត្រូវបានណែនាំឱ្យជៀសវាងការធ្វើដំណើរតាមដងផ្លូវ និងធ្វើការងារពីផ្ទះតាមដែលអាចធ្វើទៅបាន។ តំបន់ Faenza ទើបតែបានធូរស្បើយពីទឹកជំនន់ដែលបានបំផ្លិចបំផ្លាញ ទ្រង់ទ្រាយធំដោយវាបានវាយប្រហារក្រុង Emilia-Romagna ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយបានឆក់យកជីវិតមនុស្ស១៧នាក់ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារអាម៉េរិក៕
សម្រួលអត្ថបទ៖ សុផារិន្ទ