ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេណទី៣ នៅវត្តឥន្ទញ្ញាណ

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេណទី៣ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានាដោយធ្វើជាចង្ហាន់រាប់បាត្រវេប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមទំលាប់ពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់ជាពិធីបុណ្យ ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅ។

ពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌមានរយៈ ពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូត ដល់ថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌចុងក្រោយដែលប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយតែងធ្វើការជួបជុំគ្នាដើម្បីវេឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល ១៤ថ្ងៃកន្លងមក។ ប្រជាពលរដ្ឋខ្មែរ គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គល និងអ្នក មានគុណដែលបានចែកឋានទៅបានធ្វើឧបការៈដល់ខ្លួនពោលគឺអ្នកកាន់ព្រះពុទ្ធសាសនា ប្រកាន់យកគោលការណ៍នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណា ក៏ ដោយសម្តែងនូវទឹកចិត្ត ដឹងគុណ កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេគឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។ និយាយជារួមមកពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើតចេះគោរពដឹងគុណ និងមានកតញ្ញូតាធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណចូលរួមចំណែករក្សាវប្បធម៌ជាតិ ពិសេសគឺបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូតាធម៌។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បានវេប្រគេនជូនព្រះសង្ឃវត្តឥន្ទញ្ញាណ មានដូចជា អង្ករ ២០០គីឡូក្រាម ស្លាដក ៧គូរ មីថៃ ១កេសធំ ត្រីខ ១កេសធំ ទឹកស៊ីអ៉ីវ ៥យួរ ទឹកត្រី ៥យួរ និងថវិកា ៥លានរៀលប្រគេនបច្ច័យជូនព្រះសង្ឃចំនួន ១៥២អង្គ ក្នុងមួយអង្គថវិកា ២ម៉ឺនរៀល៕