ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា
តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលការជួបសម្តែងការគួរសម និងសំណេះសំណាល ពី ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមុខងារសាធារណៈ។
ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា អូស្ត្រាលីដែលបានបន្តពង្រឹង និងពង្រីកទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា ប្រទេសអូស្ត្រាលី នឹងបន្តជាដៃគូកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកជូនឯកឧត្តមឯកអគ្គរដ្ឋទូតនូវប្រសាសន៍របស់សម្តេចធិបតីដែលបានប្រកាសជាសាធារណៈ និងបានលើកឡើងជាមួយមិត្តបរទេស អំពីនយោបាយការបរទេសរបស់កម្ពុជាដែលមានភាពច្បាស់លាស់ ហើយជានយោបាយការបរទេសដែលបន្តនិរន្តភាព (Continuity) និងមានសង្គតិភាព (Consistency)។
កិច្ចពិភាក្សា បានផ្តោតលើកិច្ចសហប្រតិបត្តិការនានាផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការវ័យក្មេងកម្ពុជា ការជំរុញលើវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ជាការឆ្លើយតបនឹងចំណាប់អារម្មណ៍ខ្ពស់របស់ឯកឧត្តមទូតក្នុងការស្វែងយល់បន្ថែមលើកិច្ចការងារកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការអាទិភាព ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ឯកឧត្តមអគ្គរដ្ឋទូត។ ថា្នក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យ មុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការកម្ពុជា បន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹង មុខងារសាធារណៈ (ACCSM) ជាដើម៕