ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយនូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។