ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា ÷ ខេត្តក្រចេះ ក្នុងចំណោមខេត្តដទៃទៀតនៃប្រទេសកម្ពុជា ដែលបានបោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ ទាំងបង្គោលព្រំដែនមេ និងបង្គោលព្រំដែនបំពេញបន្ថែម
ខេត្តក្រចេះ ក្នុងចំណោមខេត្តដទៃទៀតនៃប្រទេសកម្ពុជា ដែលបានបោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ ទាំងបង្គោលព្រំដែនមេ និងបង្គោលព្រំដែនបំពេញបន្ថែម នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំ ប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងដំណើរទស្សនកិច្ចទិសឦសានលើកទី៣ សប្តាហ៍ទី៣ ដែលបានមកដល់គោលដៅទី២ នៅចំណុចបង្គោលព្រំដែនលេខ ៦៩ ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋបាលខេត្តក្រចេះ នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។