ប្រតិភូមន្ទីរចំនួន១ និងខណ្ឌចំនួន៣ នៃរាជធានីភ្នំពេញ អញ្ជេីញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកំលាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ មុនឱកាសបុណ្យភ្ជំបិណ្ឌ ។

ប្រតិភូមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមនិងប្រតិភូគណៈអភិបាលខណ្ឌចំនួន៣ នៃរាជធានីភ្នំពេញ អញ្ជេីញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកំលាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ មុនឱកាសបុណ្យភ្ជុំបិណ្ឌ ចូលមកដល់។

ប្រតិភូដែលបានសាកសួរសុខទុក្ខ និងសំណេះសំណាលនាពេលនេះ រួមមានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាលខណ្ឌទាំងអស់ នៅរសៀលថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីបញ្ជាការកងពលតូចអន្តរាគមន៍ លេខ ១២៨ យោធភូមិភាគទី១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខចំនួន២ ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាល ខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជនក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ពចំនួន៤អង្គភាព ។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅ បានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកវរៈសេនីយ៍ឯក ឃួន ប៊ុនធឿន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ បានធ្វេីការថ្លែងអំណរគុណ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌកំបូល ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាលខណ្ឌទាំងអស់ នៃរាជធានីភ្នំពេញ ដែលបានជួយឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញពីការចូលរួមចំណែកយកចិត្តទុកដាក់ និងចំពោះសុខទុក្ខរបស់កងកម្លាំងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

គូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាឧបត្ថម្ភនាពេលនេះរួមមាន
មីម៉ាម៉ា (កេសធំ) ៦០កេស ស្រាបៀរ៦០កេស ទឹកក្រូច (គ្រប់មុខ)៦០កេស ទឹកសុទ្ធ ៦០កេស ទឹកត្រី៦០យួរ ទឹកស៊ីអ៊ីវ៦០យួរ ឧបត្ថម្ភជាថវិកាជូនជូនអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ គណៈបញ្ជាការរងនគរបាលជាតិប្រចាំទិស ភូមិភាគទី៤ មេបញ្ជាការវរៈ មេបញ្ជាការរងវរៈ មន្ត្រី នគរបាល ចំនួន២លានរៀល ដែលសរុបជាទឹកប្រាក់ប្រមាណ២១៨០៨០០០រៀល៕