ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំប្រតិភូ សួរសុខទុក្ខ នាយទាហាន ពលទាហាន បញ្ជាការដ្ឋាកងពលតូចលេខ ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូ ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៦ ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់នាយទាហានពលទាហាន នៃកងពលតូចលេខ ៦ ដែលកន្លងមក បានចូលរួមសហការយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារទឹកដី ក៏ដូចជា ការជួយសម្របសម្រួលកិច្ចការមួយចំនួនដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាមួយនឹងបណ្ដាខេត្តនានា នៅជាប់ព្រំដែន ។ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា ការដឹកនាំគណៈប្រតិភូចុះមកសួរសុខទុក្ខ និងនាំអំណោយ មកពេលនេះ គឺដើម្បី រួមចំណែកផ្សាភ្ជាប់មនោសញ្ចេតនា ដ៏ជ្រាលជ្រៅ រវាងនាយទាហាន និងពលទាហាន ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តកំពង់ចាម ជាពិសេស កងទ័ព ដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា ថៃ) ។ ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹក ដល់បងប្អូនពលទាហាន ដែលជាកងកម្លាំងឆ្នើមទាំងអស់ សូមឲ្យយកចិត្តទុកដាក់ថែទាំសុខភាពជាចម្បង ជាពិសេស រដូវនេះ ជារដូវភ្លៀង ដែលងាយធ្វើឱ្យប៉ះពាល់ ដល់សុខភាព ប្រសិនបើយើង ខ្វះការប្រុងប្រយ័ត្ននោះ ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវពង្រឹងផ្នែកជីវភាពក្នុងគ្រួសារកងទ័ព តាមរយៈ ការខិតខំបង្កបង្កើតផល នៅលើដីរបស់ខ្លួន ដែលរាជរដ្ឋាភិបាល ផ្ដល់ជូន ។ ដោយឡែក ក្នុងនាមកងកម្លាំងអាវុធទាំងអស់ ត្រូវចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេស ស្តាប់នូវបទបញ្ជា របស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជារបស់អគ្គបញ្ជាការ បទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក រួមទាំង បទបញ្ជារបស់កងពលតូចលេខ ៦ ផងដែរ ។
ស្ថិតឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាននាំយកអំណោយ របស់រដ្ឋបាល ខេត្តកំពង់ចាម ឧបត្ថម្ភ ដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ៦ នូវថវិកា ចំនួន ៥០លានរៀល ។ ឧបត្ថម្ភ ជូននាយទាហាន ពលទាហាន ជូនម្នាក់ៗ ថវិកាចំនួន ៣ម៉ឺនរៀល ។ ឧបត្ថម្ភ ទីបញ្ជាការកងពលធំលេខ ២ នូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ក្នុងនោះមាន ៖ ទឹកក្រូច ៥៥០កេស មី ៦០០កេសតូច ទឹកសុទ្ធ ១០០កេស ចេកអំបូងលឿង ចំនួន ១៥០កេស សាច់ជ្រូក ១៧០គីឡូក្រាម សាច់មាន់ ១១៥គីឡូក្រាម និងបន្លែមួយចំនួន ព្រមទាំង ថវិកាចំនួន ១០លានរៀល រួមទាំង សម្ភារៈ និងបរិក្ខាវេជ្ជសាស្ត្រ មួយចំនួនធំ ផងដែរ ។
សូមជម្រាបដែរថា អំណោយ ដែលប្រតិភូ ខេត្តកំពង់ចាម បាននាំយកទៅសួរសុខទុក្ខកងទ័ព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ គឺបានមកពីការអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម តាមរយៈ អំណោយសប្បុរសធម៌ និងការស្ម័គ្រចិត្ត ក្នុងនោះមាន ៖ ថវិកា សម្ភារៈ និងគ្រឿងឧបភោគ ថ្នាំពេទ្យជាដើម ដោយការចូលរួមចំណែកពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អាជ្ញាធរ ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ នៅក្នុងមជ្ឈដ្ឋាន ផងដែរ ៕ សារ៉ាត