ឯកឧត្តមបណ្ឌិត កៅ ថាច តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY

ឯកឧត្តមបណ្ឌិត កៅ ថាច តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY 

ហៃណាន- ចិន៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តបតាមអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណៈរដ្ឋប្រជាមាណិតចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលជួប ពិភាក្សាការងារ , ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY ។ 

តាមការអោយដឹងពីតំណាងខាងរោងចក្រ, បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ, មានរថយន្តក្រឡុកស៊ីម៉ង់, ឡានពេទ្យ, រថយន្តដឹកកុងទីន័រ ,រថយន្តដឹកទំនិញ ជាដើម។ល។   បន្ថែមពីនេះ, ការដំឡើង និងផលិតរថយន្តអគ្គសនី គឺត្រូវ បានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid   (សាំង+អាគុយអគ្គិសនី), (មេតាណុល+អាគុយអគ្គិសនី)  ដែលមានលក្ខណៈទំនើប,  និងសន្សំសំចៃខ្ពស់។ 

ឯកឧត្តមបណ្ឌិត កៅ ថាច មានការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត គ្រប់ប្រភេទរបស់រោងចក្រ។  ជាមួយគ្នានេះ ដើម្បីចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផលក្នុងវិស័យកសិកម្ម,  ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និង/ឬ ធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក (logistic) នៅកម្ពុជា ផងដែរ។