គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាមហាកំផែងនៃប្រទេសចិន

បន្ទាប់ពីអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាមហាកំផែង ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីរបស់ប្រទេសចិននិងជាបេតិកភណ្ឌពិភពលោកមួយ ដែលបានទាក់ទាញអ្នកទេសចររាប់សិបលាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។

ដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅមហាកំផែងចិន នៅក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់ សប្បូរបែបនិងយូរលុងប្រទេសទាំងពីរ និងក៍ជាការភ្ជាប់ទំនាក់ទងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទំាងវិស័យការទូតសភា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។ ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរដ្ឋាភិបាលប្រទេសទំាងពីរ បានដាក់ចេញក្នុងផែនការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

មហាកំផែងចិន បានសាងសង់នៅដើមសតវត្សរ៍ទី៣ មុនគ.ស មានប្រវែងសរុប ២១,១៩៦ គីឡូម៉ែត្រ មានទទឹងប្រែប្រួលតាមផ្នែកនីមួយៗ ចន្លោះពី ៤ ទៅ៩ ម៉ែត្រ។ មហាកំផែង បានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៨៧។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ 

នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី ហើយបន្ទាប់មក ប្រធានរដ្ឋសភាប្រទេសទំាងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងធ្វើជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងចិន ផងដែរ ៕