ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លើកទឹកចឹត្ត ដល់ប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា
នៅក្នុងពិធីសំណេះសំណាល លើកដំបូង ជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានលើកទឹកចឹត្ត ដល់ប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយពី វិស័យទេសចរណ៍ និងគោលដៅ ទេសចរណ៍កម្ពុជា។ពិធីសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការរួបរួមគ្នា ជាធ្លុងមួយធ្វើឱ្យ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងទេសចរណ៍ សរុបចំនួន ៣៥០រូប។ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាម ជាប្រជាពលរដ្ឋកម្ពុជា គួរចូលរួមផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមាន អំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា ជាពិសេសផលិតផល ដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia) ។ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងកម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ អនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕