អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ធនាគារជាតិនៃកម្ពុជា កាន់បិណ្ឌវេនទី៧ នៅវត្តបទុមវតីរាជវរារាម

លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិក គ្រប់ជាន់ថ្នាក់ធនាគារជាតិ នៃ កម្ពុជា ព្រមទាំងលោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងពិធីចម្រើន ព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៃពិធីកាន់បិណ្ឌវេនទី៧ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ពិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ លោក ជំទាវបណ្ឌិត ជា សិរី បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ធ្វើបទនមស្ការ សមាទានសីល ព្រមទាំងនិមន្តព្រះមន្ត្រីសង្ឃ និងព្រះសង្ឃចម្រើនព្រះបរិត្ត ក៏ដូចជានិមន្តព្រះធម្មកថិកសម្តែង ធម៌ទេសនា អំពីអានិសង្សនៃការរៀបចំពិធីកាន់បិណ្ឌផងដែរ។ ជាមួយគ្នានេះ លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជាកិច្ចឧទ្ទិសកុសល ជូនដល់ បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់ កិច្ចការងារ សូមកើតមានចំពោះមន្ត្រី ធនាគារជាតិ នៃកម្ពុជាទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ច និរន្តរ៍តរៀងទៅ។

បន្ទាប់មកនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌវេនទី៧ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម លោកជំទាវ ជាថ្នាក់ ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិក គ្រប់ជាន់ថ្នាក់ធនាគារជាតិ នៃកម្ពុជា បានប្រគេនយាគូ រាប់បាត និង វេរភត្តាហារ និមន្តព្រះសង្ឃ ដារ

បង្សកូល ពហូទេវាឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីសុខសប្បាយ ក្នុងសុខគតិភព ជារៀងរហូត។

ដើម្បីជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងវត្តបទុមវតីរាជវរារាម លោកជំទាវ ខៀវ ស៊ី ណា ជាចាន់តូ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិក គ្រប់ជាន់ថ្នាក់ធនាគារជាតិ នៃកម្ពុជា ព្រមទាំងលោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទនិងពុទ្ធបរិស័ទទាំអស់ ដែលចូលរួមកាន់វេណបិណ្ឌទី៧ ក៏បានប្រមូលបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្ត ៥៦លាន ២សែនរៀល សម្រាប់កសាងសមិទ្ធិផល ក្នុងវត្តបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចំរើនរុងរឿងជារៀងរហូត។ ជាមួយគ្នានេះ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃ កម្ពុជា និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិក គ្រប់ជាន់ថ្នាក់ធនាគារជាតិ នៃកម្ពុជា ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ មកប្រគេនព្រះសង្ឃ និងប្រគល់ជូនវត្តបទុមវតីរាជវរារាម និងចែកជូនដល់អ្នកបំរើការងារក្នុងវត្ត លោកយាយលោកតា ដែលគិតជា ថវិកា សរុប៨៨លាន ៧សែន ៨ម៉ឺនរៀល។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បី ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។