គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្រ្តរបស់បក្សកុម្មុយនីស្តចិន

ក្នុងថ្ងៃទី៣នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរបក្សកុម្មុយនីស្តចិន ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏មានប្រជាប្រិយល្បីល្បាញមួយរបស់ប្រទេសចិន។
សារមន្ទីរបក្សកុម្មុយនិស្តចិន បានសម្ពោធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបលើកទី១០០ នៃការកកើតរបស់បក្សកុម្មុយនីស្តចិន។ សារមន្ទីរនេះជាកន្លែងតំាងពិព័រណ៍អចិន្ត្រៃយ៍ ដែលបានបង្ហាញពីស្នាដៃជាប្រវត្តិសាស្រ្ត ដើម្បីឧទ្ទិសដល់បុព្វបុរសបដិវត្តន៍ចិន ដែលបានតស៊ូ លះបង់ ព្យាយាមយ៉ាងស្វិតស្វាញ ក្នុងកិច្ចកសាងប្រទេសជាតិ។ ជាមួយគ្នានេះ សារមន្ទីរនេះក៏បង្ហាញសមិទ្ធផលនិងតួនាទីសំខាន់ៗរបស់បក្ស និងជាឃ្លំាងកណ្តាលនៃមរតកបដិវត្តន៍របស់ចិន។