មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានត្រៀមរួចជាស្រេច ក្នុងការអន្តរាគមន៍សង្គ្រោះពលរដ្ឋគ្រប់ពេល នាររដូវទឹកជំនន់នេះ

ឯកឧត្តមវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ដោយសង្កេតឃើញថា ស្ថានភាពទឹកទន្លេរមេគង្គឡើងជាបន្តបន្ទាប់ និងអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ជាពិសេស អនុវត្តតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មកដល់ពេលនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានលើកផែនការត្រៀមអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេល នៅក្នុងរដូវទឹកជំនន់នេះ ក៏ដូចជា ពេលមានឧបទ្ទេវហេតុផ្សេងៗកើតឡើង រួចរាល់ហើយ ។ ឯកឧត្តមវេជ្ជបណ្ឌិត គីម សួរភិរុណ ក៏បានបញ្ជាក់ដែរថា ជាក់ស្ដែង មកដល់ពេលនេះ យើងបានរៀបចំ គ្រូពេទ្យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ក៏ដូចជា ត្រៀមសម្ភារៈ បរិក្ខាពេទ្យ ឱសថ និងវ៉ាក់សាំងពស់ចឹក រួមជាមួយនឹងការត្រៀម មធ្យោបាយដឹកជញ្ជូនពលរដ្ឋ មាន ៖ រថយន្តសង្គ្រោះ អូរប័រ ជាដើម ។ ក្រៅពីនោះ ក៏បានត្រៀមក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត ថ្នាក់ស្រុក និងមណ្ឌលសុខភាព ផងដែរ ។បើតាមរបាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានឡើងកម្ពស់ ១៤,១០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកបានឡើង ០,២០ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹមតែ ១២,៦៦ម៉ែត្រ ប៉ុណ្ណោះ  ខណៈពេលដែលកម្រិតកម្ពស់ទឹក ត្រូវប្រកាសអាសន្ននៅខេត្តកំពង់ចាម ទឹកមានកម្ពស់ ១៥,២០ម៉ែត្រ នោះ ។ដោយស្ថានភាពទឹកជំនន់ ទន្លេមេគង្គខេត្តកំពង់ចាម នៅតែបន្តហក់ឡើងសន្សឹមៗ ជារៀងរាល់ថ្ងៃនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះអន្តរាយខេត្ត បានក្រើនរំលឹក ទៅដល់អង្គភាព ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តការចូលចិត្តទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពប្រជាពលរដ្ឋ និងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ចំពោះ ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង ៕ សារ៉ាត