ថ្នាក់ដឹកនាំគុនចម្រុះខ្មែរបុរាណរំលឹកគន្លឹះសំខាន់ៗ ដល់អាជ្ញាកណ្ដាល-ចៅក្រម ដើម្បីរក្សាយុត្តិធម៌
សិក្ខាកាមចំនួន ៤០រូប មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងសហព័ន្ធកីឡាយុទ្ធក្រមខម បានបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះ។
ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ច មានប្រសាសន៍ថា អាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ត្រូវតែប្រកាន់ជំហរយុត្តិធម៌ ចៀសឱ្យផុតពីអគតិទាំងអស់ក្នុងការវិនិច្ឆ័យ និងផលប្រយោជន៍ផ្សេងៗទៀត ហើយប្រកាន់ខ្ជាប់នូវឯករាជ្យភាព ដើម្បីទទួលបានទំនុកចិត្តពីមហាជន ក៏ដូចជាផ្ដល់នូវយុត្តិធម៌ដល់អ្នកចូលរួមការប្រកួត
ឯកឧត្ដម វ៉ាត់ ចំរើន បន្តទៀតថា អាជ្ញាកណ្ដាលឆ្នើមអាចនឹងទទួលបានរង្វាន់ជាការលើកទឹកចិត្ត និងជាគំរូ សម្រាប់អាជ្ញាកណ្ដាលផ្សេងៗទៀត ដើម្បីឱ្យបានល្អទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ អាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ត្រូវចេះជួយគ្នា មានសាមគ្គីភាពផ្ទៃក្នុង ស្មារតីក្រុម និងយកចំណេះដឹងទៅផ្លាស់ប្ដូរទម្លាប់ការងារឱ្យច្បាស់លាស់ជាងមុន។
គួរដឹងដែរថា ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះពានសម្ដេចបវរធិបតី លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕