ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បើកបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន
ក្រសួងបរិស្ថានបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន ក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន ដើម្បីតម្រង់ទិសក្នុងការសរសេរអត្ថបទឱ្យបានត្រឹមត្រូវតាមបច្ចេកទេសពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ខណៈកន្លងមកយន្តការផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រាបនៅមានកម្រិតនៅឡើយ។
ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលា ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា មានគោលបំណង៖ ទី១.ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន, និងទី២. ផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជននិងស្ថាប័នពាក់ព័ន្ធឱ្យមានការយល់ដឹង និងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម មានប្រសាសន៍ថា «សិក្ខាសាលារយៈពេល៣ថ្ងៃនេះ អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នឹងទទួលបាននូវចំណេះដឹង និងជំនាញប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនូវការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ពន្ធ័ទៅនឹងការប្រែប្រួលអាកាសធាតុ និងរាប់បញ្ចូលបរិយាប័ន្នសង្គម និងសមភាពយេនឌ័រ របៀបតែងអត្ថបទ និងរបៀបរាយការណ៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងទម្រង់ប្រព័ន្ធផ្សព្វផ្សាយពត៌មាន ជាពិសេសការផ្សព្វផ្សាយរបាយការណ៍អំពីការប្រែប្រួលអាកាសធាតុ ក្នុងប្រព័ន្ធផ្សព្វផ្សាយពត៌មានសាធារណៈ រួមមានទិដ្ឋភាពនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការយល់ដឹងអំពីភាពងាយរងគ្រោះតាមវិស័យអាទិភាពដូចជា កសិកម្ម វិស័យធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ»។
បើតាមការបញ្ជាក់របស់ឯកឧត្តម ជួប ប៉ារីស៍ , ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូលនៃទឹកសមុទ្រ។ ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន២,៥ភាគរយ នៅឆ្នាំ២០៣០ និងរហូតដល់៩,៨ភាគរយ នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្របនោះទេ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខា និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានចែករំលែក ពីរបៀប រាយការណ៍ និង សរសេរ អត្ថបទ អំពី ប្រែប្រួល អាកាសធាតុ ក្នុងទម្រង់ ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មាន។ ឯកឧត្តម បន្តទៀតថា” ការ សរសេរ ព័ត៌មាន អំពី ការប្រែប្រួល អាកាសធាតុ ត្រូវមានធាតុផ្សំ សំខាន់ៗ ដូចជា ការចេះស្វែង រកពាក្យ គន្លឹះការ ចេះស្រាវជ្រាវ ស្វែងរក ប្រភពដែល អាចទុក ចិត្តបាន ការរៀបចំ ផែនការ អត្ថបទ ចំណុចសំខាន់ៗ ការរៀបចំ សេចក្តីព្រាង រួមទាំងការ ធ្វើការ កែតម្រូវចាំបាច់ណាមួយ “។
ដោយឡែក ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមើលឃើញ ពីកង្វះខាត អ្នកសារព័ត៌មាន ជំនាញ បរិស្ថាន ។ «បើសិន អ្នកព័ត៌មាន ខ្វះការយល់ដឹង ពី បរិស្ថាន តើអាច សរសេរ អត្ថបទ ទៅពលរដ្ឋ ឬសាធារណៈ យល់ដោយ របៀបណាទៅ? ការសរសេរ ព័ត៌មាន ផ្នែក បរិស្ថាន ទាមទារការ ស្វែងយល់ ពាក្យបច្ចេកវិទ្យា រួមទាំង ផ្នែកវិទ្យាសាស្ត្រជាមុនឭសិន៕