ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ទិវាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) និងផែនការយុទ្ធដំណើរទ័ព ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅ-មកកងពលតូចលេខ៧០។
ឆ្នាំ២០២៤នេះ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ នឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវិមានឯករាជ្យ និងនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវត្តមាន ព្រះវត្តមានសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជវង្សានុវង្ស និងការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
ចំណែកឯពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ៏ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នៅទីបញ្ជាការកងពលតូចលេខ៧០ កងទ័ពជើងគោក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គទូត សេនានុពន្ធ័ អនុពន្ធយោធាបរទេសប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ក៏បានបញ្ជូនកម្លាំងចំនួន ១០ផែនស្មើនឹង៧៤៣នាក់ ដើម្បីចូលរួមក្នុងផែនព្យុះហយាត្រា០១ផែន និងផែនឈរ០៩ផែន នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តដែលមានការពាក់ព័ន្ធ និងសាលាកងរាជអាវុធហត្ថទាំងពីរផងដែរ។