រដ្ឋបាលខណ្ឌឬស្សីកែវជំរុញការទាញយកនិងប្រើប្រាស់App NoDrug ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន
រាជធានីភ្នំពេញ÷ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខណ្ឌឬស្សីកែវ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ន សុភណ្ឌ អភិបាលរងខណ្ឌឬស្សីកែវ បានដឹកនាំពិធីផ្សព្វផ្សាយនិងជំរុញការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន។
ក្នុងនាមលោក ជិន ប៊ុនធឿន អភិបាល ក្នុងឱកាសនោះ លោក ស៊ន សុភណ្ឌ អភិបាលរង បានស្វាគមន៍ និងការធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។
ក្នុងនាមអនុគណៈកម្មការប្រចាំបញ្ជា ឧត្តមសេនីយ៍ត្រី សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពន្យល់បន្ថែមអំពីរបៀបក្នុងការចូលរួមយោបល់និងរាយការណ៍អំពីបញ្ហានិងបទល្មើសតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ហើយលោកឧត្តមសេនីយ៍ក៏បានថ្លែងនូវការអរគុណសមត្ថកិច្ចមូលដ្ឋានដែលបានឆ្លើយតបរហ័សនិងប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបង្ការ ទប់ស្កាត់ និងដោះស្រាយបានល្អប្រសើរនូវបញ្ហាសង្គមផ្សេងៗ ពិសេសបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បន្ថែមដោយបានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទដៃ NoDrug ដែលកន្លងមកបានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ស្វែងយល់កាន់តែច្បាស់អំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាមធ្យោបាយដែលអាចឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការលើកជាយោបល់ និងផ្ដល់ព័ត៌មានរាល់បញ្ហា និងបទល្មើសដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋាន ធ្វើឱ្យសមត្ថកិច្ចអាចទប់ស្កាត់និងដោះស្រាយទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ ជាមួយនេះ លោកឧត្តមសេនីយ៍ក៏បានស្នើឱ្យរដ្ឋបាលខណ្ឌ បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់វេទិកា និងគ្រប់ទីកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងចូលរួមកាន់តែសកម្ម ការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀនដែលមានប្រសិទ្ធភាព គឺទាមទារជាចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់សមាសភាពនៃសង្គម ពិសេសគឺការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។