ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដោយក្រុមការងារនិងអាជ្ញាធរដែនដីបានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តចមសុទ្ធាវាស(វត្តស្វាយចាស់) ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជូនចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់។
ក្នុងឱកាសនេះដែរ ឯកឧត្តម កែ គឹមយ៉ាន ថ្លែងបន្តដោយអរគុណចំពោះអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលបានចូលរួមនិងសូមបន្តចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីបន្តអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យបានរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនដល់ព្រះសង្ឃ និងចែកជូនមាន
១.អង្ករ១០០គ.ក្រ មី៦កេស ត្រីខ៨យួរ ទឹកស៊ីអីវ ៦យួរ ទឹកត្រី៦យួរ ទឹកក្រូច៤កេស ទឹកបរិសុទ្ធ៦កេសនិងបច្ច័យកសាង១០លានរៀល
២.បច្ច័យបួនប្រគេនព្រះសង្ឃនិងជូនលោកអាចារ្យ ប្រជាការពារ សរុប ១លាន៩៦ពាន់រៀល
៣.ប្រជាពលរដ្ឋចូលរួមចំនួន៣៥០នាក់ ម្នាក់ៗទទួលបានសារុងមួយថវិកា១ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។