សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងវត្តមាន ព្រឹត្តិការណ៍ប្រណាំង ពាក់កណ្តាល រត់ម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត
លោក សែម ផល្លា នាយកប្រតិបត្តិ អ្នករៀបចំព្រឹត្តិការណ៍ រត់ម៉ារ៉ាតុងនៅកម្ពុជា បានអះអាងថា វត្តមានរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមនៅក្នុងព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ គឺជាចលករមួយធ្វើកំណើន អ្នកចូលរួមកាន់ តែមានកំណើនឡើងហើយ កាន់តែផ្តល់ភាពកក់ក្តៅ ចំពោះអ្នកចូលរួមថែមទៀតផង។
ការថ្លែងនេះរបស់ លោកនាយកប្រតិបត្តិ នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីរ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ចើញចូលរួមពីរឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក សែម ផល្លា បានពន្យល់ទៀតថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅសៀមរាប អង្គរវត្តនេះ អាចនិងក្លាយទៅជាព្រឹត្តិប្រពៃណី មួយសម្រាប់កម្ពុជា ដ្បិតការចូលរួម ពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន អ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិកើនឡើងរហូត។
លោកថា ការចូលរួមគាំទ្រ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញវត្តមានរត់ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍នេះ និងជំរុញឱ្យការរៀបចំ កាន់តែមានលក្ខណៈស្តង់ដារ ត្រូវតាមបទដ្ឋាន របស់អន្តរជាតិ មានន័យថា ការរត់របស់ភ្ញៀវ គឺសុវត្ថិភាព មានការបិទផ្លូវជិតបានល្អ មិនធ្វើឱ្យអ្នករត់មានក្តីបារម្ភ រត់ដោយមានទំនុកចិត្ត និងសប្បាយរីករាយ។
នាយកប្រតិបត្តិខាងលើ បានគូសបញ្ជាក់ទៀតថា វត្តមានការចូលរួមរបស់សម្តេច ធិបតី គឺជាចំណែកមួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានអ្នកចូលរួមរត់ច្រើន និងជាប់ចំណាត់ថ្នាក់ល្អជាលំដាប់ផ្កាយ៥ ដែលជាគោលដៅរបស់កម្ពុជាត្រៀមចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅលើពិភពលោក។
ឯកឧត្ដម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ថា រយៈពេល២៩ឆ្នាំមកនេះ ព្រឹត្តិការណ៍កីឡា ដ៏ធំខាងលើមានការវិវឌ្ឍ និងជោគជ័យយ៉ាងខ្លាំង។ ជាក់ស្ដែង ក្នុងឆ្នាំដំបូង នៃការរៀបចំ មានអ្នកចូលរួម តែប្រមាណ៣០០ទៅ៤០០នាក់ប៉ុណ្ណោះ ខណៈជនបរទេសមានចន្លោះត្រឹម៣០ទៅ៤០នាក់ ហើយជាជនបរទេសក្នុងស្រុកថែមទៀត។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកចូលរួមបានហក់ដល់ទៅជាង១ម៉ឺននាក់។
ដោយឡែក សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ខាងមុខ គិតត្រឹមថ្ងៃសុក្រ ទី២៧ ខែកញ្ញា នេះ មានអ្នកចុះឈ្មោះចូលរួមជាង៧០០០នាក់ហើយដែលក្នុងនោះ ជនជាតិខ្មែរមានជិត៦០០០នាក់ និងបរទេសជាង២៣០០នាក់។ គណៈកម្មការរៀបចំសង្ឃឹមថា នឹងមានអ្នកចូលរួមខ្ទង់១០០០០នាក់ក្នុងថ្ងៃប្រកួតផ្លូវការ។ ចំណែកអ្នកនាំមុខក្នុងការចុះឈ្មោះ មានមកពីចក្រភពអង់គ្លេស អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និងជប៉ុន។
ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង ក្នុងគោលបំណងរៀបចំឡើង បន្តជួយដល់ជនរងគ្រោះពិការដោយសារគ្រាប់មីន និងកម្មវិធីសប្បុរសធម៌នានា។ ជាមួយគ្នានេះ អង្គការបេះដូងមាសក៏បានចូលរួមជួយផ្នែកបច្ចេកទេស និងចង់រួមចំណែកជួយផ្នែគសប្បុរសធម៌ ដល់ជនរងគ្រោះដោយសារមីនដូចគ្នា។មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ នឹងជួយដល់វិស័យកីឡាជំនាញ និងកីឡាកម្រិតខ្ពស់ក៏ដូចជាវិស័យទេសចរណ៍ សុខមាលភាព និងបង្កើតនូវភាពសប្បាយរីករាយដល់អ្នកចូលរួមទៀតផង។
សម្រាប់ថវិកាសប្បុរសធម៌ដែលជាថវិកាព្រឹត្តិការណ៍ឆ្នាំ២០២៣ បានផ្តល់ជូនទៅ មន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន៥០០០ដុល្លារ. អង្គការ Cambodia Trust ទទួលបាន២៥០០ដុល្លារ អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន២០០០ដុល្លារ និង អង្គការបេះដូងមាសទទួលបាន១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត។ ទិវារត់ពាក់កណ្តាលម៉ារ៉ាតុង អង្គរលើកទី២៩នេះមាន៤វិញ្ញាសាគឺ រត់ចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ រត់ចម្ងាយ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ ខណៈសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងចូលរួមរត់ចម្ងាយ៥គីឡូម៉ែត្រ។
សូមបញ្ចាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ខេត្តសៀមរាបនេះ បានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៦ ដោយមានអ្នកចូលរួមត្រឹមតែ ៣ទៅ៤រយនាក់ប៉ុណ្ណោះ ខណៈឆ្នាំ២០២៤ លើកទី២៩នេះ ត្រូវបានរំពឹងថា អ្នកចូលរួមនឹងមានចំនួនជាង១ម៉ឺននាក់ ៕