សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាង រាស្រ្តមណ្ឌលស្វាយរៀង រួមជាមួយក្រុមការងារនិងអាជ្ញាធរដែនដីបានរៀបចំពិធីបុណ្យកាន់ បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹក ពរជ័យពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងលោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ពីទីក្រុង ទីជនបទ និង តភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយ ដែលបានបង្ករលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការរស់នៅ និងការប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាពិសេស ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ពេញលេញ ក្នុងការចូលរួមពិធីកាន់បិណ្ឌ និងឆ្លងបុណ្យភ្ជុំបិណ្ឌតាមបែប ប្រពៃណីព្រះពុទ្ធ សាសនា ដែលដូនតាបានគោរពប្រណិប័តជាយូរមកហើយ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានលើកឡើងអំពីប្រវត្តនៃពិធីបុណ្យភ្ជុំបិណ្ឌ : ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ។ ចំណែក ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។
បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅទៀបភ្លឺពេល ដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យ ភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជា ពិធីបុណ្យដទៃទៀតដែរ មិនត្រូវបានរដ្ឋាភិបាល នៃរបបកម្ពុជាប្រជាធិបតេយ្យ អនុញ្ញាតឲ្យ ប្រារព្ធឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មី អនុញ្ញាតឲ្យប្រារព្ធធ្វើតាមទំនៀមទម្លាប់ ប្រពៃណីឡើងវិញ។
ពីបុរាណកាលមក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមក បុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គឌួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គ បានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ។
ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕