រយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តកំពតមានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំខេត្តមានស្ថានភាពល្អប្រសើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងរយ:ពេល ៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរបានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពតមានចំនួន ១២៤.០៦៩នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន១២៣.៤៩១នាក់ និងទេសចរបរទេសចំនួន ៥៧៨នាក់។ លោកប្រធានមន្ទីរបានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការតម្លើងថ្លៃណាមួយមិនសមរម្យនោះឡើយ។លោកវរេសនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ។ លោកបានបន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានរួមគ្នាសម្រួលចរាចរណ៍ដើម្បីបញ្ជាស់ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ពិសេសនៅចំណុចស្ពានថ្មថ្មី ធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះរយៈពេលយូរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត