កោះតៃវ៉ាន់រងគ្រោះរអិលបាក់ដីបង្ខំឲ្យបិទផ្លូវជាច្រើនក្នុងទីក្រុង Keeling បន្ទាប់ពីព្យុះទីហ្វុង Krathon (ក្រាថុន)បញ្ចេញឥទ្ធិពល

ឮខ្យល់ព្យុះទីហ្វុង Krathon បានរំកិលខ្លួនបន្តិចម្តងៗនៅថ្ងៃសុក្រនេះ បន្ទាប់ពីវាបោកបក់នាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងទៅកាន់ទីក្រុង Keelung ភាគខាងជើងរបស់កោះតៃវ៉ាន់ដែលបណ្តាលឱ្យមានហេតុការណ៍រអិលបាក់ដីចំនួន២យប់មកហើយ។ មិនទាន់មានរបាយការណ៍មនុស្សស្លាប់នៅឡើយទេ បន្ទាប់ពីហេតុការណ៍បាក់ដីលើកទី១​កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ និងមួយលើកទៀតនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ។

ហេតុការណ៍រអិលបាក់ដីមកលើផ្លូវ Hsin Feng នៃទីក្រុង Keelung បានបង្ខំឲ្យអាជ្ញាធរត្រូវបិទចរាចរណ៍ក្នុងតំបន់តាំងពីព្រឹក ដើម្បីបញ្ចៀសមនុស្សមិនឱ្យធ្វើដំណើរទៅធ្វើការនាំឲ្យគ្រោះថ្នាក់ដល់ពួកគេ។ រដ្ឋាភិបាលក្រុង Keelung បានចល័តគ្រឿងចក្រនិងបោសសម្អាតល្បាក់ដីដែលបាក់នោះយ៉ាងប្រញ៉ាប់ផងដែរ។ ព្យុះទីហ្វុង Krathon បណ្តាល​ឱ្យកោះតូចៗភាគច្រើនត្រូវបិទខ្ទប់រយៈពេលបីថ្ងៃនេះ ប៉ុន្តែព្យុះនេះក៏បានចុះខ្សោយមកវិញ និងក្លាយទៅជាព្យុះត្រូពិចធម្មតានៅថ្ងៃសុក្រនេះដែរ។ ចំណុចកណ្តាលនៃកម្លាំងព្យុះនេះ បានងាកមកបោកបក់លើផ្ទៃសមុទ្រម្តងទៀតបន្ទាប់ពីវាបានបត់ក្បាលត្រឡប់មកវិញ និង កន្ទុយព្យុះត្រូវបក់នៅភាគនិរតីនៃដែនកោះមួយទៀតពេញមួយយប់ដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ