សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន យាងនិងអញ្ជើញ ពិធីជួបសំណេះសំណាលជាមួយគ្រួសារគណៈសង្ឃធម្មយុត្តខ្មែរ
សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី មានព្រះបន្ទូលថា ព្រះពុទ្ធសាសនរដ្ឋគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រតិស្ថាន នៅលើទឹកដីកម្ពុជានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ពោលគឺមានរយៈពេល៣៣ឆ្នាំ (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១- ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤) ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយត្រូវបានដឹកនាំបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាពោរពេញទៅដោយសន្តិភាព ដែលបានផ្តល់ឱកាស សម្រាប់ព្រះពុទ្ធសាសនា មានគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ បានអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័ស និងគ្រប់វិស័យទាំងអស់ក៏បានរីកចម្រើនរួមគ្នា ធ្វើឱ្យកម្ពុជាមានកេរឈ្មោះ ល្បីសុះសាយនៅទូទាំងសាកលទាំងមូល។មានព្រះរាជបន្ទូលបែបនេះ នាឱកាសដែល សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា យាងនិងអញ្ជើញ ពិធីជួបសំណេះសំណាលជាមួយគ្រួសារគណៈសង្ឃធម្មយុត្តខ្មែរ នាវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ។ សម្តេច បានបន្ទូលបញ្ជាក់ថា គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជួយសង្គមជាច្រើនមានដូចជា វិស័យសិក្សាធិកា វិស័យអប់រំ វិស័យសុខាភិបាល សកម្មភពមនុស្សធម៌ ជាមួយក្រសួងធម្មការនិងសាសនា ក្នុងន័យជួយអភិវឌ្ឍន៏ប្រទេសជាតិស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច បានក្រើនរំលឹកផងដែលដល់ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រមរបស់គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពនូវព្រះវិន័យសង្ឃ ប្រកបដោយគុណធម៌ សីលធម៌ និងចរិយាធម៌ ។ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ តាមស្មារតីរដ្ឋធម្មនុញ្ញមាត្រា៤៣ ដែលមានប្រជាជនជាង៩៥% គោរពប្រតិបត្តិព្រះពុទ្ធសាសនា វត្តជាង៥ពាន់វត្ត និងមានព្រះសង្ឃជាង៧ម៉ឺនអង្គ ស្របទៅនិងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់ខ្ជាប់នូវធម៌អហិង្សា មេត្តាករុណ និងការអត់ឱន ដោយជ្រកក្រោមម្លប់សន្តិភាពនិង ភាពសុខដុមនីយកម្មសាសនាទូទាំងប្រទេស។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា ប ៥គឺ ១.បព្វជ្ជា ការបួស២. បរិយត្តិ ការសិក្សា៣.បដិបត្តិ ការប្រតិបត្តិ៤.បដិវេធៈ លទ្ធផល៥.បព្វាជនីយកម្ម ការដាក់ទោស ឬបញ្ចប់ភារកិច្ច។ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីសូមប្រគេនអភិក្រមរបស់ក្រសួងធម្មការនិងសាសនាវត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់ ។នាឱកាសនេះ ឯកឧត្តម ចាយ បូរិន សូមក្រាបថ្វាយបង្គំអរគុណព្រះគុណ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមន្រ្តីសង្ឃគណៈធម្មយុត្តិកនិកាយ ផ្សព្វផ្សាយមេត្តាធម៌ លើសកម្មភាពមនុស្សធម៌គ្រប់រូបភាពជាមួយក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា អប់រំពុទ្ធបរិស័ទឱ្យធ្វើអំពើល្អ រួមចំណែកក្នុងការងារសង្គម និងផ្តល់ពុទ្ធឱវាទដល់ពុទ្ធបរិស័ទចូលរួមថែរក្សាសមិទ្ធផល ទ្រព្យសម្បត្តិ និងសំណង់ជាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រដែលមាននៅក្នុងវត្តអារាមឲ្យបានគង់វង្ស និងរក្សាបាននូវសោភ័ណភាពល្អស្អាតជានិច្ច ហើយចាត់ទុកសមិទ្ធផលទាំងអស់ នេះជាសម្បត្តិដ៏ថ្លៃថ្លារបស់បងប្អូន៕