ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ PPIU ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហការគ្នាក្នុងទិស ដៅបង្កើនការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
នៅក្នុងកិច្ចពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន បានលើកនូវចំណុចសំខាន់ៗមួយចំនួនដើម្បីកិច្ចសហប្រតិបត្តិការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសារព័ត៌មាន និងសោតទស្សន៍បានកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀត។
លោកជំទាវ ទេព កូលាប បានជម្រាបជូនពីកិច្ចការងាររួម និងភាពរីកចម្រើនរបស់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU ព្រមទាំងសកម្មភាពការងារចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅលើវិស័យជាច្រើន រួមជាមួយវិស័យព័ត៌មានផងដែរ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនដែរថា កាលពីដើមខែធ្នូ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានប្រកាសអោយដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួង ដែលបានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាក្នុងពេលកន្លងទៅ។ បើកដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យវិជ្ជាជីវៈសារព័ត៌មាន នឹងបើកទូលាយសម្រាប់បងប្អូនអ្នកសារព័ត៌មាន (journalist) និងអ្នកកាសែតប្រជាជន (citizen journalist) ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន៕