អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរ

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោក ស្នងការនគរបាលខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិកគណៈមេប្រយោគជាច្រើនរូប បានអញ្ជើញកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ហើយថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ។ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា (អ្នកចេះ គឺជាប់)។តាមការបញ្ជាក់របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤នេះ មានបេក្ខជន បេក្ខនារីសរុបចំនួន ៦៧៥នាក់ ស្រី ៣៦៦នាក់ មានសិស្សជាជនជាតិដើមភាគតិចចំនួន ២០៩នាក់ ស្រី ១០០នាក់ មាន ២មណ្ឌល ស្មើ ២៨បន្ទប់ ក្នុងនោះមណ្ឌល វិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរីកើត ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ២៥បន្ទប់ សិស្ស ៦១០នាក់ ស្រី ៣៣១នាក់ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ត្បូង ថ្នាក់វិទ្យាសាស្ត្រ មាន ៣បន្ទប់ សិស្ស ៦៥នាក់ ស្រី ៣៥នាក់។ លោក ប្រធានមន្ទីរ បញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិស្សអវត្តមាន ០១នាក់ ដែលជាបេក្ខជនស្វ័យរិន ហើយចំពោះការប្រឡងនេះ មានការរៀបចំតឹងរឹងដូចរៀងរាល់ឆ្នាំ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឲ្យបេក្ខជន យកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានទេ។នៅបរិវេណមណ្ឌលប្រឡង មានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត បានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ ពីបេក្ខជន ដើម្បីការពារសុវត្ថិភាពលើមធ្យោបាយ ថែមទាំង មានកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏ត្រូវមានវត្តមាន នៅទីនោះថែមទៀត។សូមបញ្ជាក់ថា ចំពោះបេក្ខជន បេក្ខនារី ដែលមកពីបណ្តាស្រុក ក្នុងខេត្តមណ្ឌលគិរី ដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី គឺមានផ្ទះសំណាក់ សណ្ឋាគារ ម៉ូតែល សរុបចំនួន ២៩កន្លែង បានឧបត្ថម្ភបន្ទប់ស្នាក់នៅ និងបញ្ចុះតម្លៃ ដើម្បីជួយសម្រួលការលំបាកដល់បេក្ខជន បេក្ខនារីទាំងអស់៕