ចំណុចសំខាន់ៗចំនួន៣ ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំត្រីភាគី (TROIKA) រវាងកម្ពុជា អាល្លឺម៉ង់ និងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង និងកៀរគរការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជួបប្រជុំត្រីភាគី (TROIKA) ជាមួយឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៣ និងឯកអគ្គរាជទូតប្រទេសជប៉ុន ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ ដើម្បីពិភាក្សាលើចំណុចសំខាន់ៗចំនួន ៣ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង និងកៀរគរការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងនោះរួមមាន៖ ទី១/. សេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ៖ កម្ពុជា អាល្លឺម៉ង់ និងជប៉ុន បាន និងកំពុងពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងនៃសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ពិនិត្យ និងអនុម័ត នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។២/. ការធ្វើសេចក្តីថ្លែងការណ៍ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា៖ ឯកឧត្តមបណ្តិត លី ធុជ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ា នឹងធ្វើសេចក្តីថ្លែងការណ៍ ស្តីពីអនុសញ្ញាអូតាវ៉ា នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១ ស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍នេះ គឺជាការអំពាវនាវដល់ពិភពលោកទាំងមូល ឱ្យរួមគ្នាបញ្ចប់ការរងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស។៣/. កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសកលភាវូបនីយកម្មអនុសញ្ញាអូតាវ៉ា និងការកៀរគរការគាំទ្រដល់អនុសញ្ញា ៖ ភាគីទាំង៣ប្រទេស បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកៀរគររដ្ឋមិនមែនភាគីអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ដែលរួមទាំងការបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា។ ភាគីទាំង៣ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួម និងកិច្ចសហការអន្តរជាតិ ដើម្បីជំរុញឱ្យរដ្ឋមិនមែនភាគីអនុសញ្ញា ចូលរួមគាំទ្រដល់សកម្មភាពរបស់អនុសញ្ញាអូតាវ។ ក្នុងនៅផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមិនមែនភាគីនានា រួមមាន តុងហ្គា វៀតណាម សិង្ហបុរី កោះម៉ាសាល់ បារ៉ែន កៀហ្ស៊ីស៊ីស្ថាន និងមីក្រូនេស៊ី ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមជារដ្ឋភាគី និងគាំត្រដល់សកម្មភាពអនុសញ្ញា។ កិច្ចប្រជុំត្រីភាគី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យពិភពលោកទាំងមូលគោរពតាមគោលការណ៍របស់អនុសញ្ញាអូតាវ៉ា និងការបង្កើនកិច្ចសហការរវាងរដ្ឋភាគី ដើម្បីការអនុវត្តពេញលេញ នៃអនុសញ្ញាអូតាវ៉ា៕