ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលពិភាក្សាជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ីនៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលពិភាក្សាជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ីនៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក

 

នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី នៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក (US Depertment of the Treasury) ។ 

 

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា- អាមេរិករបស់លោក Robert Kaproth នៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនជារួមអំពីការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការនានា ដើម្បីកំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ ជាមួយគ្នានេះ, ទោះបីជាមានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅ, កម្ពុជា បានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣%ឆ្នាំ ២០២៥ ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំគោលនយោបាយ និងយន្តការនានាក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់គ្រងសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់សេដ្ឋកិច្ច រួមមាន “យុទ្ធសាស្ត្រកៀរគរចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម ។ ជារួម,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តសហការរីករាយជាមួយភាគីអាម៉េរិកក្នុងការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់ប្រយោជន៏ទៅវិញទៅមក ។

 

លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនិងលទ្ធផលល្អនានាដែលកម្ពុជាទទួលបាននាពេលកន្លងមកក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំបង្កើតឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច ។ ជាមួយគ្នានេះ, លោក  Robert Kaproth បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាការខិតខំ បន្តដោះស្រាយបញ្ហាប្រឈមនានារបស់ខ្លួន និងស្វែងរកដំណោះស្រាយទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ។

 

ភាគីទាំងពីរ ក៏បានបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា-អាមេរិកាំង លើគ្រប់វិស័យ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ។ 

 

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះលោក  Robert Kaproth ក្នុងការខិតខំស្វែងយល់អំពីស្ថានភាពរបស់កម្ពុជា និងសង្ឃឹមខ្ពស់ ដល់ភាគីអាម៉េរិកក្នុងការរក្សាជំនួយបច្ចេកទេសផ្សេងៗនៅក្នុងវិស័យអាទិភាពកម្ពុជានិងជូនពរលោក Robert Kaproth និងក្រុមការងារទទួលបានជោគជ័យជាផ្លែផ្កាក្នុងទស្សនកិច្ចនៅកម្ពុជា ។