រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីទាក់ទាញភ្ញៀវ ទេសចរបរទេសមកប្រទេសកម្ពុជា ឱ្យមានសន្ទុះឡើងវិញ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារ ជាមួយលោក Laurent Kuenzle នាយកប្រតិបត្តិក្រុមហ៊ុន ASIAN TRAILS និងសហការី ដើម្បីទទួលអនុសាសន៍ លើការធ្វើធុរកិច្ច នៅកម្ពុជា និងការចូលរួមចំណែក របស់ក្រុមហ៊ុន ASIAN TRAILS ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស មកប្រទេសកម្ពុជា ឱ្យមានសន្ទុះឡើងវិញ និងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ASIAN TRAILS ដែលជាដៃគូវិនិយោគ ជាមួយក្រុមហ៊ុន Royal Group លើគម្រោង សណ្ឋាគារ Royal Sands ដែលមានទឹកប្រាក់ វិនិយោគ៤០លានដុល្លារអាម៉េរិក ហើយក៏ធ្លាប់ទទួលបាន ពានរង្វាន់ ជាច្រើនដូចជា TTG Travel Awards, World Travel Awards, Luxury Travel Guide, Travel Weekly Awards និង Thailand Tourism Awards 2023។
ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យគន្លឹះអាទិភាព ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបាន រាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវ ការរីកចម្រើនគួរ ជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមាន ជារៀងរាល់ឆ្នាំ និងរួមចំណែ កប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោល ដល់ប្រជាជនកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ទៅលើការសម្រេច បាននូវចក្ខុវិស័យ ខាងផ្នែកទេសចរណ៍ ក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់លើការធ្វើទំនើបកម្មស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទេសចរណ៍បច្ចុប្បន្ន និងអនាគត ហើយជាពិសេស ជំរុញឱ្យមានការចូលរួម ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ ក៏ដូចជារដ្ឋាភិបាល នៃប្រទេសជាមិត្តផងដែរ។