ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់មន្ត្រីរាជការសាខាពន្ធដាររាជធានី-ខេត្ត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វគ្គបណ្តុះបណ្តាល​​ស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់​មន្ត្រីរាជការសាខាពន្ធដាររាជធានី-ខេត្ត ចំនួន ៨០ នាក់ ធ្វើឡើងក្នុងគោលបំណងដើដើម្បីចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកបដោយប្រសិទ្ធភាពនិងចីរភាព។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រម​ទាំងឧទ្ទេសាចារ្យ និងសិក្ខាកាមទាំងអស់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ថាមពល និង​​ប៉ិនប្រសប់​របស់ សម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ផ្តល់អាទិភាពខ្ពស់ ដល់ការកសាងនិងការអភិវឌ្ឍធនធាន​មនុស្សសម្រាប់ទ្រទ្រង់និង​អនុវត្តដំណើរការអភិវឌ្ឍសង្គម​-សេដ្ឋកិច្ចជាតិ ដែល​ស្តែង​ឡើង​តាមរយៈការចាត់​ទុក​ការអភិវឌ្ឍ​​មូលធន​មនុស្ស​ជាអាទិភាពទី១ នៃ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង បរិយាបន្ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា ក្នុងមុខងារជាសេនាធិការរបស់រាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ជានិច្ច លើការកសាងនិងការអភិវឌ្ឍសមត្ថភាព លើជំនាញ​ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការកសាង និងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ដែលត្រូវបាន​ធ្វើបច្ចុប្បន្នភាពជាប្រចាំសម្របតាមបរិការណ៍នៃការកែទម្រង់របស់រាជរដ្ឋាភិបាល សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាលនិងវិក្រឹតការសមត្ថភាព ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ជាមួយនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញបន្ថែមនូវ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០៣០ ដើម្បីក្លាយជាស្ថាប័ននៃឧត្តមភាព, មានគុណវុឌ្ឍិ, វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់ការកសាងមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ស្ថិតក្នុងដំណាក់កាល នៃការកែទម្រង់ការគ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ ដែលកំពុងស្ថិតក្នុងដំណាក់កាលទី ៤ ក្នុងគោលដៅការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម, ការកសាង និង ការអភិវឌ្ឍសមត្ថភាព កាន់តែមានសារៈសំខាន់ថែមទៀត ព្រោះហេតុថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់​ចំណុចដែលកាន់តែស្មុគស្មាញ, សិទ្ធិអំណាច និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរដល់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពក្រោមឱវាទ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងថវិកា និង​ កិច្ចការហិរញ្ញវត្ថុ, តាមរយៈការដាក់ឱ្យអនុវត្ត​ថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ជាពិសេស ការសាកល្បងអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម និង កិច្ចព្រមព្រៀងសមិទ្ធកម្ម ក្នុងខណៈដែលឆន្ទៈ​ចូលរួម និង សមត្ថភាពធនធានមនុស្សរបស់អង្គភាពថវិកានីមួយៗនៅមានកម្រិតនៅឡើយ។ ទន្ទឹមនេះ ក្នុងបរិការណ៍នៃបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅគ្រប់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពនៅរាជធានី-ខេត្ត ដើម្បីធានាតម្លាភាពប្រសិទ្ធភាព សង្គតិភាព ភាពត្រឹមត្រូវ និង ទាន់ពេលវេលា នៃ​ព័ត៌មាន និង ទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ ព្យាករណ៍ និង ការធ្វើសេចក្តីសម្រេចចិត្តប្រកប​ដោយ​ប្រសិទ្ធភាព និងភាពគ្រប់​ជ្រុងជ្រោយ។

ប្រការនេះឆ្លុះឱ្យឃើញថា វគ្គបណ្តុះបណ្តាល​នាពេលនេះ គឺឆ្លើយតបនឹងតម្រូវការចាំបាច់ និង មាន​សារៈសំខាន់ សម្រាប់​​ពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹង និងបំពាក់ស្មារតីទទួលខុសត្រូវខ្ពស់លើមុខជំនាញពាក់ព័ន្ធ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ជូនដល់មន្ដ្រីរាជការនៃសាខាពន្ធដាររាជធានី-ខេត្ត សម្រាប់ចូលរួមចំណែកលើកកម្ពស់ផលិតភាពនៃការអនុវត្តការងារ តួនាទីភារកិច្ចប្រចាំថ្ងៃជូនអង្គភាព និង ជាស្ពានសម្រាប់បន្ត​អភិវឌ្ឍសមត្ថភាពជំនាញ ឱ្យកាន់តែប្រសើរថែមទៀត នៅពេលអនាគត និង ជាពិសេស សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព៕