ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា- AIPA បានទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន ជាមួយប្រមុខដឹកនាំអាស៊ាន នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានទទួលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម TRAN QUANG PHUONG អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដល់ ឯកឧត្តម TRAN QUANG PHUONG អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងផ្ដល់ជំនួយជាបន្ដបន្ទាប់មកដល់ភាគីកម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ដលើកឡើងថា ថ្មីៗនេះ កម្ពុជាបានជូនដំណឹងអំពីសេចក្តីសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដោយសារកម្ពុជាយល់ឃើញថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ ដែលប្រទេសនីមួយៗអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងៗខ្លួន។ ការបញ្ចប់ CLV-LTD នេះ ស្របពេលដែលមានក្រុមជ្រុលនិយមមួយក្តាប់តូច បានយកបញ្ហានេះមកធ្វើជាមធ្យោបាយបញ្ឆេះកំហឹងរបស់ប្រជាជនកម្ពុជាពាក់ព័ន្ធនឹង LCV-LTD ដើម្បីបង្កអស្ថេរភាពនៅក្នុងសង្គម។ ទោះបីជាកិច្ចសហប្រតិបត្តិការត្រីភាគី CLV-DTA ត្រូវបានបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែភាគីកម្ពុជានៅតែបន្ដ និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផ្សេងៗ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាអនេកដល់សភាវៀតណាម និងឡាវ ដែលបានសហការយ៉ាងពេញទំហឹងក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កន្លងមក។
នៅក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តម TRAN QUANG PHUONG អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាម បានសម្ដែងនូវគារវកិច្ច និងថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជាក្នុងការចំណាយពេលវេលាក្នុងការចូលរួមកិច្ចជំនួបទ្វេភាគី និងបានបង្ហាញពីប្រវត្តិជាមិត្តរួមសុខរួមទុក្ខរវាងប្រជាជាតិទាំងពីរ។
ឯកឧត្តមបានថ្លែងអំណរគុណដល់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការថ្មីៗ ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ។ ឯកឧត្តមបានបន្ដថា វៀតណាមមានការសោកស្ដាយសម្រាប់ការបញ្ចប់នូវកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ ដែលបានជួយជំរុញនូវការអភិវឌ្ឍនៅតាមតំបន់ព្រំដែនរបស់ប្រទេសទាំងបី ដែលបានជួយជំរុញដល់ជីវភាពប្រជាជនដែលរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងបីអស់រយៈពេលជាង២ទសវត្សរ៍។ ឯកឧត្តមបានបន្ដលើកឡើងថា បើទោះជាកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍត្រូវបានបញ្ចប់ក៏ដោយ ក៏ភាគីវៀតណាមនៅតែបន្ដសហការជាមួយកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌផ្សេងៗផងដែរ៕