នៅពេលត្រូវមកកម្ពុជាម្តងៗ ខ្ញុំតែងមានអារម្មណ៍ថាខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញ ៖នេះគឺជា សម្ដីផ្ទាល់របស់លោកស្រី សាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្រ្ត ដែលបានស្រាវជ្រាវរួមគ្នាជាមួយលោកសាស្ត្រាចារ្យ លុក ម៉ុងតាញេ រកឃើញមេរោគជំងឺអេដស៍ដំបូងគេ សម្រាប់ពិភពលោក ក្នុងឆ្នាំ១៩៨៣

លោកស្រីសាស្ត្រាចារ្យ មានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ប៉ាណាហ៍ (Pr Yazdan Yazdanpanah) នាយកភ្នាក់ងារ និងលោកស្រីសាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី (Pr Françoise Barré-Sinoussi , Prix Nobel de médecine de 2008 pour la découverte du virus HIV) ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងជំនួបនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE ដែលកន្លងមកបាន ជួយជ្រោមជ្រែង គាំទ្រកម្ពុជាទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពថវិកាលើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

លោកសាស្រ្តាចារ្យ Yazdan Yazdanpanah បានថ្លែងអំណរគុណ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ ផ្តល់ឱកាសប្រតិភូបានចូលសំដែងការគួរសម និងបានគោរពជម្រាបជូនអំពីទិសដៅបេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា ចំនួនបីចំណុច៖
១- បន្ថែមលើការងារស្រាវជ្រាវលើជំងឺអេដស៍ រលាកថ្លើម របេង ពង្រីកកិច្ចសហការលើការងារស្រាវជ្រាវ ជំងឺបណ្តាលមកពី Arboviruses ដូចជា ជំងឺគ្រុនឈាម ជំងឺ Japanese encephalitis និងជំងឺឆ្លងផ្សេងៗទៀត។
២- ពង្រឹង និងពង្រីក ដៃគូរក្នុងតំបន់ដោយពង្រីកបន្ថែមទៅប្រទេស ឡាវ និងថៃ បន្ថែមលើដៃគូរបច្ចុប្បន្ន ដែលមានតែនៅកម្ពុជា និងវៀតណាម។
៣- ជំរុញការងារបណ្តុះបណ្តាល អ្នកស្រាវជ្រាវវ័យក្មេងបន្តវេន។

លោកស្រីសាស្រ្តាចារ្យ Françoise Barré-Sinoussi ជាជ័យលាភីទទួលបានរង្វាន់ណូបែល ខាងវេជ្ជសាស្រ្ត កាលពីឆ្នាំ២០០៨ បានគូសបញ្ជាក់បន្ថែមទៀត អំពីប្រវត្តិជិត៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការល្អ រវាងភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីសម្ដែងនូវការកោតសរសើរ នូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងថ្មីៗនេះទៀត ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតដល់មានការទទួលស្គាល់កម្រិតពិភពលោក ជាពិសេសការទទួលស្គាល់ពី អង្គការសុខភាពពិភពលោកថែមទៀតផង។

ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់នូវជំហរគាំទ្រនូវបេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា និងសូមឱ្យ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE បន្តកិច្ចសហប្រតិបត្តិការ លើការងារស្រាវជ្រាវនេះបន្តទៀតជាពិសេសជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរពេទ្យជាតិនានា ដើម្បីជួយលើកកំពស់សមត្ថភាព ការងារស្រាវជ្រាវគ្លីនិកសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជា និងយកលទ្ធផលវិទ្យាសាស្រ្ត ទាំងនោះ មកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕