ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តក្រចេះ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ហើយត្រូវខិតខំដោះស្រាយអោយបានទាន់ពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង,

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្វីដែលសំខាន់ចំពោះមុខនារដូវវស្សានេះ ដែលរាជរដ្ឋាភិបាលគិតគូរនិងយកចិត្តទុកដាក់ខ្ពស់គឺធ្វើយ៉ាងដោះស្រាយបញ្ហាអោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេង្គ តាមរយៈការផ្តល់នូវស្បៀវអាហារ និងសម្ភារៈប្រើប្រាស់ ហើយនៅពេលទឹកស្រកទៅវិញនេះ ក៏បានផ្តល់ពូជស្រូវ ប្រភេទOM -5451 ដើម្បីអោយប្រជាកសិករមានលទ្ធភាពស្តាឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ចំនួនពីរឃុំ គឺឃុំពង្រ និងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាវត្តពោធិរង្សី ភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកឡើង នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះ ក៏ដូចជានៅក្នុងស្រុកឆ្លូងទាំងមូល ហើយបានចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងមួយចំនួនរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ រួមទាំងខូចខាតផលដំណាំថែមទៀតផងដែរ ។ ដោយមើលពីទុក្ខលំបាកនេះ ទើបប្រមុខរាជរដ្ឋាភិបាល បានជម្រុញដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ចុះជួយអន្តរាគមន៍បន្ទាន់ដល់អ្នករងគ្រោះដោយគ្រោះធម្មជាតិ ដើម្បីសម្រួលដោះស្រាយការលំបាកចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តាំផ្ញើដល់បងប្អូនដែលទទួល បានគ្រាប់ពូជស្រូវ ត្រូវយកទៅធ្វើការដាំដុះតាមការណែនាំរបស់មន្ទីរជំនាញកសិកម្ម ដើម្បីអោយការបង្ករបង្កើនផលស្រូវទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយទុន ពិសេសគួរតែបងប្អូនប្រជាកសិករងាកមកប្រើប្រាស់ជីធម្មជាតិអោយបានច្រើន ជាងការប្រើប្រាស់ជីគីមី ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រចេះ បានជម្រាបជូនថា ផលប៉ះពាល់ និង ការខូចខាតផលដំណាំរបស់ប្រជាកសិករដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គអស់ចំនួន 5 872 ហិចតា ។ សម្រាប់ខេត្តក្រចេះ បានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង ១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ ៕