ប្រជាកសិករចំនួន ៦ ១១៩គ្រួសារ រស់នៅក្រុងស្រុកចំនួន ៥ នៃខេត្តក្រចេះ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចែកជូននូវគ្រាប់ស្រូវពូជសរុបចំនួន ៦០០តោន ដើម្បីដាំដុះស្តាឡើងវិញឱ្យបានទាន់ពេលវេលា,
ខេត្តក្រចេះ ៖ គ្រាប់ស្រូវពូជចំនួន ៦០០ តោន ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ នាំយកមកធ្វើការចែកជូនដល់បងប្អូនប្រជាកសិករចំនួន ៦ ១១៩គ្រួសារ ក្រុងស្រុកចំនួន ៥ នៃខេត្តក្រចេះ ដែលបានរងផល ប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងដើម្បីដាំដុះស្តាឡើងវិញឱ្យបានទាន់ពេលវេលា។
ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងកាលពីខែកញ្ញា កន្លងទៅនេះ បានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន ៥ ៨៧២ ហិកតា និងដំណាំផ្សេងៗជាច្រើនទៀត។
សកម្មភាពនៃការចែកគ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋដើម្បីដាំស្តាឡើងវិញនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៦ ខែតុលា តាមបណ្តាឃុំនៃស្រុកនានារបស់ខេត្តក្រចេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ ដើម្បីបងប្អូនប្រជាកសិករទទួលបានគ្រាប់ពូជស្រូវបានឆាប់រហ័ស និងអាចយកទៅដាំស្តាឡើងវិញបានទាន់ពេលវេលា។
ក្នុងពិធីចែកស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋ
រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ចំនួន ២ឃុំ គឺឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ចំនួន ១១៩គ្រួសារ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាវត្ត វេឡុវ័ន ព្រែកសាម៉ាន់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានគោរពថ្លែងអំណរ
គុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាកសិករ និងបានដាក់ចុះនូវវិធានការអន្តរាគមន៍ នានាដើម្បីជួយប្រជាកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញការសោកស្តាយចំពោះគ្រោះធម្មជាតិនេះនិងបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្តក្រចេះ បន្តខិតខំប្រឹងប្រែងដាំស្តាឡើងវិញនូវដំណាំស្រូវរបស់ខ្លួនឱ្យបានទាន់ពេលវេលាជាមួយគ្រាប់ពូជស្រូវដែលរាជរដ្ឋាភិបាលផ្តល់ជូន។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្មដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានផ្សព្វផ្សាយនិងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះឱ្យបានទិន្នផលខ្ពស់ ៕