ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង ប្រកាសដាក់ចេញគោលការណ៍មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយផ្សព្វផ្សាយចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណទីតាំងគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និង អាកាសយានដ្ឋានអន្តរជាតិ
គោលការណ៍នេះនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅ អឺរ៉ុប ដូចជាប្រទេសអង់គ្លេស ក៏បានអនុវត្តផងដែរ ដែលមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទតាមគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយផ្សព្វផ្សាយនៅជុំវិញបរិវេណទីតាំងសំខាន់ៗ,
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង បានបញ្ជាក់ថា គោលការណ៍នេះ មិនមែនទើបបង្កើតថ្មី ដើម្បីដាក់សម្ពាធទៅលើក្រុមហ៊ុនធុរកិច្ចឧស្សាហកម្មគ្រឿងស្រវឹង ឬ អ្នកពាក់ព័ន្ធនោះទេ។ គោលការណ៍មួយចំនួន ក្រសួងព័ត៌មាន បានអនុវត្តតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន។ ចំណែកគោលការណ៍មួយចំនួនទៀត បានដកស្រង់ចេញពី «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ» របស់ក្រុមហ៊ុនស្រាបៀរ HEINEKEN ក្រុមហ៊ុន CAMBREW សមាគមអ្នកនាំចូល និងចែក ចាយស្រាបៀរ WSBIDA និងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) បានចុះហត្ថលេខាដាក់ឱ្យអនុវត្តកាល ពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤។
គោលការណ៍ល្អខាងលើនេះ ត្រូវបានប្រកាសក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) អញ្ជើញជាអអិបតីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ១០០០នាក់។
សម្រាប់ដំណើរការនៃអង្គសិក្ខានាឱកាសនេះ បានបើកអោយមានការគ្នារវាងមន្ត្រីស្ថាប័នរដ្ឋជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរកមធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងអោយបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ។
អង្គសិក្ខាលាសក៏មានការរៀបចំតុមូលដើម្បីពិភាក្សាលើប្រធានបទ «ផលប៉ះពាល់ និងការរៀបចំ សណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង» ប្រធានបទ «ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណា ចក្រកម្ពុជា» ព្រមទាំងមតិទៅលើ «ការអប់រំណែនាំប្រជាពលរដ្ឋឱ្យ ទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ» ៕