បញ្ហាចំបងៗចំនួន៤ដែលអង្គសិក្ខាសាលា ត្រូវជួយចូលរួមដោះស្រាយមានដូចជា ការកាត់បន្ថយមរណភាពដែលកើតឡើងភាគច្រើននៅមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ ជាពិសេសភាពយឺតយ៉ាវ នៃការបញ្ជូនស្រ្តី និងទារកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន

ការថ្លែងផ្ដល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលា របស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ  ក្រសួងសុខាភិបាល នៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីពិធីសារសម្រាប់ការតាមដាន និងឆ្លើយតបមរណភាពមាតា  កាលពីថ្ងៃទី៩  ខែតុលា ឆ្នាំ២០២៤នោះថា÷មានបញ្ហាចំបងៗ ចំនួន៤ ដែលអង្គសិក្ខាសាលា ត្រូវជួយចូលរួម គ្នាដោះស្រាយដូចជា

ការកាត់បន្ថយមរណភាពដែលកើតឡើងភាគច្រើននៅមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ ជាពិសេសភាពយឺតយ៉ាវ នៃការបញ្ជូនស្រ្តី និងទារកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន និងការគោរពតាមលក្ខខណ្ឌមុនពេលបញ្ជូន និងក្នុងពេលបញ្ជូន ការពង្រឹងជំនាញក្នុងការសង្គ្រោះជីវិតស្រ្តី និងមូលហេតុចំបង នៃមរណភាពមាតា និងទារកដូចជា ការធ្លាក់ឈាមក្រោយសម្រាល បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ការមិនឃើញសញ្ញាគ្រោះថ្នាក់ក្នុងពេលថែទាំមុនសម្រាល កិច្ចសហការណ៍ និងព័ត៌មានគ្លីនិកក្នុងការស្រាវជ្រាវរកមូលហេតុ នៃមរណភាព រួមមានការពន្យារពេលក្នុងការបញ្ជូនពីសហគមន៍ ឬការសម្រេចចិត្តរបស់ស្ត្រីឬគ្រួសារ ក្នុងអំឡុងពេលបញ្ជូន និងការផ្តល់សេវាក្នុងមន្ទីរពេទ្យ ភាពយឺតយ៉ាវ និងខកខានក្នុងការស្រាវជ្រាវមរណភាពមាតានៅថ្នាក់ខេត្ត និងរាជធានី ដោយកត្តាផ្សេងៗរួមមាន បញ្ហាថវិកា និងមន្ត្រីបំពេញតួនាទី។

លោកជំទាវ បញ្ជាក់បន្ថែមថា សិក្ខាសាលាពិគ្រោះយោបល់ នេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖

១. ប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ លើសេចក្តីព្រាងពិធីសារជាតិ ស្តីពីការតាមដាន និងឆ្លើយតបមរណភាពមាតា និងមរណភាពទារកជុំវិញកំណើត

២. កំណត់បញ្ហាប្រឈម និងកត្តាចូលរួមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្រាវជ្រាវមរណភាពមាតា

៣. ពិភាក្សាពីជំហានបន្ទាប់ក្នុងការអនុវត្តពិធីសារថ្មីដោយគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត។

សិក្ខាសាលានេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងឧបត្ថម្ភដោយ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA អង្គការសុខភាពពិភពលោក WHO USAID និងមានការចូលរួមពី មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ព្រមទាំងដៃគូអភិវឌ្ឍន៍សុខាភិបាល ដែលមានចំនួនសរុបចំនួន៨២រូប៕