ឯកឧត្តម ជា សុមេធី ៖ ជំរុញឱ្យយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង លើការថែទាំមនុស្សចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់ឲ្យកាន់តែប្រសើរ
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង លើការថែទាំមនុស្សចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់ឲ្យកាន់តែប្រសើរ ។
មានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាសុមេធី អញ្ញើញជាអធិបតីក្នុងពិធី ខួបលើកទី ២៦ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិមួយតុលា ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបដិវត្តកម្មឌីជីថល “ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធ ទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជា ប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់ របស់យើង។
ឯកឧត្តម រដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជា ប្រទេសមានចំណូលខ្ពស់ ព្រមទាំងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ។
ឯកឧត្តម ជា សុមេធី បានឱ្យដឹងផងដែរថា តាមរយៈដាក់ចេញកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ មនុស្សចាស់ដែលអាយុចាប់ពី ៦០ឆ្នាំឡើង ប្រមាណជាង៣៨ម៉ឺននាក់ ទទួលបានពីឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល។
ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់គោលនយោបាយ ជូនមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធផងដែរ ជាពិសេសជូនដល់និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្តី រាជការស៊ីវិល និងអតីតយុទ្ធជន ជារៀងរាល់ឆ្នាំ៕