ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » គឺជាមគ្គុទ្ទេសដ៏ល្អ ជាមូលដ្ឋានគ្រឹះសម្រាប់កសាងតម្លៃជាអ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានអោយបានល្អ , « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនសម្រាប់អ្នកសារព័ត៌មានដែលបានសិក្សារៀនសូត្រត្រឹមត្រូវ និងអនុវត្តន៍ការងារតាមក្រមសីលធម៍ ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន,
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានជំនឿជឿជាក់ថា កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » នឹងធ្វើអោយសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរ ហើយជាការតម្រង់ទិសដល់អ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដល់សមាគម និងអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ក្រសួងព័ត៌មាន បានធ្វើការបោះពុម្ពកូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ចំនួន ២៥ ០០០ ច្បាប់ សម្រាប់ចែកជូនឥតគិតថ្លៃ ដល់សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយក៏បានផ្តល់ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានដែលបានដាក់ពាក្យស្នើសុំ ដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត ។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា បច្ចុប្បន្នអ្នកសារព័ត៌មាននៅកម្ពុជា មានចំនួនប្រមាណ ១មុឺន នាក់ តែមកដល់ពេលនេះ ក្រសួងព័ត៌មានបានចេញបណ្ណសារព័ត៌មានដែលមានភ្ជាប់ QR Code របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដល់អ្នកកាសែតបានចំនួនជាង ៨ ០០០ នាក់ ។ ដូច្នេះការក្រសួងព័ត៌មានបោះពុម្ពកូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ចំនួន ២៥ ០០០ច្បាប់ គឺនឹងបានទៅដល់ដៃអ្នកផ្សេងៗទៀតដែលស្រលាញ់វិជ្ជាជីវៈសារព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះជាលើកទី១ ដែលកម្ពុជាមាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន ហើយជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។
កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាច្រើនបានធ្វើការគាំទ្រ ព្រោះជាមូលដ្ឋានគ្រឹះដែលបានបង្ហាញនូវខ្លឹមសារដ៏សំខាន់ពាក់ព័ន្ធជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព។
« ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត ៕