ពិធីបិទ យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា) ឯ.ក
នាព្រឹកទី១១ ខែតុលា ឆ្នាំ២០២៤ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំពិធីបិទ “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត”ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប(ខេមបូឌា)ឯ.ក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក មានប្រសាសន៍ថា៖ “តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សព្វផ្សាយនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមអគ្គនាយក ក៏បានស្នើដល់សិក្ខាកាមជាអ្នកបើកបរម៉ូតូកង់បីទាំងអស់ សូមយកចំណេះដឹងពាក់ព័ន្ធដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅផ្សព្វផ្សាយ និងពន្យល់បន្តទៅដល់សាច់ញាតិ និងបងប្អូនឱ្យបានយល់ដឹងទាំងអស់គ្នា ដើម្បីចូលរួមគោរពច្បាប់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ដ៏កាចសាហាវមួយនេះ។”
លោក កង សុវណ្ណរ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន Grab បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពខ្លាំងណាស់ និងសូមជម្រាបជូនថា Grab បានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ១០វគ្គ សម្រាប់បងៗដៃគូបើកបររបស់យើងតាំងពីខែមេសា ឆ្នាំ២០២៤នេះកន្លងមក ដោយបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងចំពោះសុវត្ថិភាពចរាចរណ៍។ ជារួម បងៗដៃគូបើកបររបស់យើង បានចូលរួមយ៉ាងសកម្មទាំងក្នុងវគ្គបណ្តុះបណ្តាល និងការប្រឡងយកប័ណ្ណបើកបរ។ ក្រោមកិច្ចសហការជាមួយក្រសួង យើងកំពុងបោះជំហ៊ានទៅមុខ និងដើរតួយ៉ាងសំខាន់ក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ទូទាំងប្រទេស។”
សូមបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្តនេះ គឺជាការផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា) ឯ.ក ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បច្ចេកទេសបើកបរយានយន្ត និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រលងជាប់យកបណ្ណបើកបរម៉ូតូកង់បីឱ្យបានគ្រប់ៗគ្នា។
វគ្គបណ្តុះបណ្តាលនេះ មានចំនួន ១០វគ្គ និងមានអ្នកសិក្ខាកាមចូលរួមសរុបចំនួន ៨១១នាក់ ហើយបានរៀបចំប្រឡងយកបណ្ណបើកបរយានយន្តចំនួន ១១លើក ក្នុងនោះអ្នកចូលរួមប្រឡងទ្រឹស្តីសរុបចំនួន ៣៤៧នាក់(ប្រឡងឡើងវិញ១២៦នាក់) ជាប់១១៥នាក់ ស្មើនឹង៣៤% ធ្លាក់១៩៧នាក់ ស្នើនឹង៥៧% និងអវត្តមាន ២៩នាក់ ស្នើនឹង៩%។ អ្នកប្រឡងដៃចង្កូតសរុបចំនួន ១៣៧នាក់ (ប្រឡងឡើងវិញ ២២នាក់) ជាប់១០៧ ស្នើនឹង៧៨% ធ្លាក់ ៣០នាក់ ស្មើ២២% ៕