កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជាកិច្ចចាប់ផ្ដើមសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចបវរធិបតីអំពីបំណងរបស់លុចសំបួ ក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល និង វិស័យអប់រំ ជាដើម។
សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍, វិស័យធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យាឌីជីថល និងការបោសសម្អាតមីន។