ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើសុំមេដាយជូនមន្ត្រីរាជការដែលខិតខំប្រឹងប្រែងបំពេញនាពេលកន្លងមក

កិច្ចប្រជុំពិនិត្យលើសំណើស្នើសុំមេដាយជូនមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រុញដល់អគ្គនាយកដ្ឋានទាំង ៥ និងនាយកដ្ឋានបុគ្គលិក រួមទាំងបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ធ្វើការពិនិត្យឡើងវិញក្នុងការរៀបចំការស្នើសុំទៅរាជរដ្ឋាភិបាល នូវគ្រឿងឥស្សតិយយស ដើម្បីផ្តល់ជូនដល់មន្ត្រី រាជការ និងថ្នាក់ដឹកនាំដែលមិនធ្លាប់ទទួលបាន ឬក៏បានដែរតែយូរឆ្នាំមកហើយរហូតមកដល់ពេលនេះមិនបានទទួលថ្មី ។ ដូច្នេះរដ្ឋបាលតាមបណ្តាអគ្គនាយកដ្ឋាន អគ្គនាយកដ្ឋាននីមួយៗ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវពិនិត្យអោយបានគ្រប់ជ្រុងជ្រោយរកមន្ត្រីណាដែលមិនធ្លាប់ទទួលបាន មេដាយ ដើម្បីធ្វើសំណើស្នើសុំ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងារក្នុងរយៈពេលកន្លងមកនេះ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ គឺបានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ តាមរយៈវប្បធម៌ចែករំលែក ដោយជារៀងរាល់ខែ ក្រសួងព័ត៌មានបានផ្តល់ជាអង្ករនិងត្រីខកំប៉ុង ដល់មន្ត្រីរាជការដែលខ្វះខាតជីវភាពប្រមាណជាង ៣០០នាក់ ដើម្បីជួយសម្រាលជីវភាពពួកគាត់។ ទាំងនេះ គឺជាការចែករំលែកដល់បងប្អូនមន្ត្រីរាជការ បន្ថែមពីរបបនិងអត្ថប្រយោជន៍ផ្សេងៗដែលបងប្អូនទទួលបាន ៕