ការបើកសម្ពោធមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតភ្នំពេញ នៃខេត្ត ហី ឡុងជាំង ប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកជំរុញទេសចរណ៍កម្ពុជា-ចិន

ដើម្បីចូលរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជា-ចិន និងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ បានធ្វើដំណើរទៅ-មក និងបានស្វែងយល់ពីវប្បធម៌រវាងប្រទេសទាំងពីរ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្ត ហី ឡុងជាំង ប្រចាំប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងនៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការឲ្យដឹងពី  ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក លីវ ស៊ាវហ្គ័ង (LIU XIAOGUANG) សមាគមអ្នកកាសែតកម្ពុជា-ចិន, លោកស្រី ហឺ ជីង (HE JING) ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត ហី ឡុងជាំង, លោក ស្សឹន ហ្គ័ងជុន (SHEN GUANGCHUN) ការិយាល័យគ្រប់គ្រងទីផ្សារ នៃមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត ហី ឡុងជាំង, លោក ត្សូវ ស៊ានទុង (ZOU XIANGDONG) ប្រធាននាយកដ្ឋានទំនាក់ទងកិច្ចសហប្រតិបត្តិការខាងក្រៅ នៃមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត ហី ឡុងជាំង លោកស្រី លីវ ហ្វឹងជឺ (LIU FENGZHI) ប្រធានការិយាល័យវប្បធម៌ វិទ្យុ-ទូរទស្សន៍ និងទេសចរណ៍ HeiHe .លោក កូវ ហុងវ៉ី (GUO HONGWEI) ប្រធានក្រុមហ៊ុន Harbin Ice and Snow World Co., Ltd. លោក ឈីវ ហានអ៉ី (CUI HANYU) អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Tour Around  (Global) Co., Ltd។

ឯកឧត្តម បានឲ្យដឹងទៀតថា មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្ត ហី ឡុងជាំង ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Tour Around(Global)Co.Ltd.។ ជាពិសេស មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្តហីឡុងជាំង គឺជាទីភ្នាក់ងារមួយ ដែលមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត ហី ឡុងជាំង បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយម៉ាកសញ្ញាទេសចរណ៍ខេត្តហីឡុងជាំង លើកកម្ពស់មុខមាត់ទេសចរណ៍ និងពង្រីកភាពល្បីល្បាញនិងកេរ្តិ៍ឈ្មោះរបស់ខេត្តហីឡុងជាំង ទាំងនៅកម្ពុជា និងទូទាំងអាស៊ីអាគ្នេយ៍។

បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលនេះ នឹងមានការរៀបចំកម្មវិធីផ្សេងៗ ដើម្បីផ្សព្វផ្សាយធនធានទេសចរណ៍ ហី ឡុងជាំង ជាបន្តបន្ទាប់ នាពេលអនាគត នៅក្នុងប្រទេសកម្ពុជា ដោយខិតខំប្រឹងប្រែង ផ្សព្វផ្សាយយ៉ាងពេញទំហឹង លើធនធានទេសចរណ៍ នៃខេត្ត ហីឡុងជាំង និងបង្ហាញណែនាំយ៉ាងសកម្ម នូវផលិតផលទេសចរណ៍ដ៏ល្អ របស់ខេត្តហីឡុងជាំង។

ក្នុងឪកាសនោះដែរ លោកស្រី ហឺ ជីង (HE JING) ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត ហី ឡុងជាំង បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្ត ហី ឡុងជាំង គឺជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់រដ្ឋបាលខេត្ត ហី ឡុងជាំង លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយប្រទេសកម្ពុជា។

ក្រោយការថ្លែងរបស់ លោកស្រី ហឺ ជីង ភាគីកម្ពុជា-ចិន បានរួមគ្នាបើកសម្ពោធមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្ត ហីឡុងជាំង។ នាពេលវេលាជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបានឃើញសមិទ្ធផលថ្មី ក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្ត ហី ឡុងជាំង និងប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Tour Around (Global)Co.Ltd បានបោះជំហានដ៏រឹងមាំបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍រវាងតំបន់ទាំងពីរ៕