ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការ ដើម្បីរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ខាងមុខនេះ
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច និងក្បួនដង្ហែ ដើម្បីរៀបចំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោមនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចកិត្តិសង្ហហបណ្ឌិត ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។
កិច្ចប្រជុំអនុគណៈកម្មការ ពិធីការ បដិសណ្ឋារកិច្ច និងក្បួនដង្ហែ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នាសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកគណៈកម្មការរៀបចំដង្ហែរអង្គកឋិនទានទៅវត្តខ្មែរក្រោម និងជាអនុប្រធានអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច និងក្បួនដង្ហែរ រួមទាំងសមាជិក សមាជិកា មកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ មានប្រសាសន៍ថា ÷ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមដោយមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ អង្គកឋិនទានដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ រៀបចំឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈអង្គកឋិនទាននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវដល់បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស៕
ឯកឧត្តមមានប្រសាសន៍បន្តថា ភារកិច្ចជាក់ស្ដែងមួយចំនួនរបស់អនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច និងក្បួនដង្ហែ ដែលពាក់ព័ន្ធដល់កិច្ចសហការជាមួយអនុគណៈកម្មការទាំង ៥ ទៀត និងអ្នកចូលរួមផងដែរ ដើម្បីរួមគ្នាបម្រើដល់ “អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ” ដែលនឹងត្រូវដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ឬ(ព្រះត្រពាំង) ប្រទេសវៀតណាម នៅថ្ងៃទី ០៤ – ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។
ឯកឧត្តម បានផ្ដល់ជាមតិយោបល់ និងជម្រាបជូនអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធទៅនឹងអនុគណៈកម្មការ ពិសេសអំពីការស្លៀកពាក់ បុរស និងស្រ្តី ក្នុងពេលពិធីក្រុងពាលី សូត្រមន្ត ពេលដង្ហែតាមរថយន្ត ពេលចូលក្នុងពិធីសំណេះសំណាល និងពេលដង្ហែចូលវត្ត ចំណុចបន្ទាប់គឺទាក់ទងទៅនឹងក្បួនរថយន្តនិងថ្មើរជើង ព្រមទាំងការរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាព ដល់ក្បួនដង្ហែរចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា រហូតដល់ប្រទេសវៀតណាម។
ឯកឧត្តមបានសំណូមពរ និងបានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា ទាំងក្នុងអនុគណ:កម្មការ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្ត តាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឲ្យអង្គកឋិនទាននេះដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ ស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា៕