ភាពតានតឹងរវាងបងប្អូនកូរ៉េទាំងពីរកាន់តែពិបាកស្រោចស្រង់! ខណៈលោក Kim Jung Un បញ្ជាឲ្យរុះរើនិងបំផ្ទុះផ្លូវដែកព្រំដែនរបស់ពួកគេទាំងពីរ 

នៅរសៀលថ្ងៃនេះកូរ៉េខាងជើងបានសម្រេចបំផ្ទុះផ្នែកខ្លះនាភាគខាងជើងរបស់ខ្លួនដែលជាប់ផ្លូវដែកអន្តរទ្វីបកូរ៉េដែលពួកគេលែងប្រើប្រាស់ជាយូរណាស់មកហើយ ដើម្បីជាការគំរាមដល់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងបញ្ជាក់ថាហេតុការណ៍នេះវាកើតឡើងបន្ទាប់ពីគូប្រជែងទាំងពីរបានផ្លាស់ប្តូរការគំរាមកំហែងដ៏បំផ្លិចបំផ្លាញរវាងគ្នានិងគ្នា ចំពេលមានភាពតានតឹងកាន់តែកើនឡើងជាមួយនឹងភាពច្របូកច្របល់ដោយមានការអះអាងពីប្រទេសកូរ៉េខាងជើងថាកូរ៉េខាងត្បូងបញ្ជារយន្តហោះគ្មានមនុស្សបើកឆ្លងកាត់រដ្ឋធានីរបស់ខ្លួន។ រូបភាពវីដេអូដែលផ្តល់ដោយយោធារបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវពពកពណ៌ស និងពណ៌ប្រផេះដែលផុសចេញពីហេតុការណ៍បំផ្ទុះនោះគឺនៅក្បែរផ្លូវដែកទីក្រុងព្រំដែន Kaesong (កែស៊ុង) និងមួយផ្នែកស្ថិតនៅទឹកដីកូរ៉េខាងជើង ដែលបញ្ជូនរថយន្តដឹកទំនិញ និងគ្រឿងចក្រទៅសម្អាតកម្ទេចកម្ទីក្នុងតំបន់នោះ។ ចំណែករូបភាពវីដេអូមួយទៀតបានបង្ហាញពីសភាពមានផ្សែងហុយចេញពីផ្លូវមាត់សមុទ្រក្បែរព្រំដែនភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងដូចគ្នា។ សកម្មភាពចុះរុះរើផ្លូវដែកនេះគឺជាចេតនាបង្ហាញពីការស្អប់ខ្ពើមរបស់កូរ៉េខាងជើងកាន់តែខ្លាំងឡើងចំពោះរដ្ឋាភិបាលអភិរក្សនិយមកូរ៉េខាងត្បូង ខណៈដែលមេដឹកនាំកូរ៉ខាងជើង លោក Kim Jong Un បានប្តេជ្ញាផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបោះបង់ចោលគោលដៅដែលធ្លាប់សន្យាត្រូវសម្រេចឲ្យបាននូវការបង្រួបបង្រួមកូរ៉េដោយសន្តិភាពរវាងបងប្អូនកូរ៉េទាំងពីរ។ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថាបានជ្រៀតចូលទឹកដីរបស់ខ្លួនដោយប្រើយន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាងចំនួន៣ដងរួចមកហើយក្នុងខែនេះ ហើយពួកគេបានគំរាមកំហែងថានឹងឆ្លើយតបដោយកម្លាំងប្រសិនបើវានៅតែកើតឡើងម្តងទៀត។ ប៉ុន្តែកូរ៉េខាងត្បូងវិញបានបដិសេធដោយមិនបញ្ជាក់ថាតើខ្លួនបានបញ្ជូនយន្តហោះគ្មានមនុស្សបើកនោះទេ ប៉ុន្តែបាននិយាយព្រមានកូរ៉េខាងជើងថាពួកគេនឹងប្រឈមមុខនឹងបញ្ចប់របបខ្លួនឯងដូចគ្នា ប្រសិនបើសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េខាងត្បូងត្រូវបានគំរាមកំហែងពិតប្រាកដនោះ។ មកដល់ពេលនេះក្រុមអ្នកសង្កេតការណ៍និយាយថា វានៅតែជារឿងមិនទំនងទាល់តែសោះសម្រាប់លោក Kim ក្នុងការសម្រេចសកម្មភាពវាយប្រហារទ្រង់ទ្រាយធំជាងមុនលើកូរ៉េខាងត្បូង ព្រោះលោកច្បាស់ជាដឹងហើយថា ទង្វើបែបនេះវាប្រាកដណាស់នឹងបញ្ជាក់ថាលោកមានចេតនាសងសឹកដ៏ធំពីសំណាក់អន្តរជាតិ ក្រោយពីមេដឹកនាំកំពូលកូរ៉េខាងត្បូង-អាមេរិក គ្រាន់តែត្រៀមគំរាមកំហែងរូបលោក៕

សម្រួលអត្ថបទ៖ សុផារិន្ទ