ឯកឧត្តមបណ្ឌិត លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ទីក្រុងហ្សឺណែវ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មបង្កើនកិច្ចសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ក្នុងការលើកកម្ពស់បទដ្ឋាននៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបាន នូវអាទិភាពទាំងបី ដែលបានដាក់ចេញ រួមមាន សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥-ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន, និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។ 

ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នឹងអនុម័តនូវឯកសារសំខាន់ៗចំនួន៣ រួមមាន ឯកសារពិនិត្យឡើងវិញនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង សេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ។ 

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសទូទាំងពិភពលោក បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាបន្តគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអញ្ជើញប្រទេសទាំងអស់ចូលរួមក្នុង កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅពិពភលោកមួយ ដែលមិនមានការរងគ្រោះដោយសារមីន និងប្រកបដោយសន្តិភាព និងស្ថិរភាព។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានស្នើឱ្យបង្កើនកិច្ចសហការរវាងសភាទូទាំងពិភពលោក ក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ និងជំរុញដល់ការសម្រេចឱ្យបាន​នូវ ពិភពលោកមួយប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សទូទាំងសាកលលោក។