រដ្ឋមន្រ្តីទេសចរណ៍រដ្ឋឧត្តរប្រទេសជំរុញកម្ពុជា–ឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ពុទ្ធសាសនា
ថ្លែងនៅក្នុងជំនួបជាមួយប្រតិភូកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ឯកឧត្តម Jaiveer Singh រដ្ឋមន្រ្តីទេសចរណ៍និងវប្បធម៍នៃរដ្ឋឧត្តរប្រទេស (Uttar Pradesh) បានស្នើរឱ្យកម្ពុជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាពិសេសទេសចរណ៍តាមបែបពុទ្ធសាសនា ។
ថ្លែងនៅក្នុងជំនួបជាមួយប្រតិភូកម្ពុជាដែលមានសមាជិក ២០ នាក់មកពីទីភ្នាក់ងារទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ឯកឧត្តម Jaiveer Singh និងក្រុមមន្រ្តីរបស់លោក បានធ្វើបង្ហាញអំពីរដ្ឋឧត្តរប្រទេស ដែលជាគោលដៅទេសចរណ៍ពុទ្ធសាសនាធំនិងមានប្រជាប្រិយភាពជាងគេក្នុងពិភពលោក ដោយសារតែរដ្ឋនេះមានទីតាំងជាច្រើនដែលពាក់ព័ន្ធនិងពុទ្ធប្រវត្តិ។ ជាក់ស្តែង កន្លងមកមានប្រជាជនកម្ពុជាជាច្រើនដែលបានធ្វើដំណើរទេសរចរណ៍ ធម្មយាត្រា មកទីតាំងផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងពុទ្ធសាសនា មានវត្តជេតពន្តដែលព្រះពុទ្ធអង្គទ្រង់គង់នៅកាលនៅមានព្រះជន្មជាដើម។
ឯកឧត្តមសង្ឃឹមជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំឱ្យមានការផ្លាស់ប្តូរភ្ញៀវទេសចរណ៍កាន់តែច្រើនរវាងឥណ្ឌា និងកម្ពុជា ក្នុងវិស័យទេសចរណ៍សាសនា ដែលប្រជាជាតិទាំងពីរអាចទទួលបានផលប្រយោជន៍ទៅវិញទៅមកពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបពីគ្នាទៅវិញទៅមក។
ឯកឧត្តម បានបញ្ជាក់ពីសេចក្តីប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរដ្ឋឧត្តរប្រទេសក្នុងការផ្តល់ជំនួយទៅដល់បណ្តាសហគ្រិនដែលមានបំណងចង់វិនិយោគលើវិស័យទេសចរណ៍នៅក្នុងរដ្ឋរបស់លោក មានការផ្តល់សម្បទានដីធ្លីរហូតដល់ ៩៩ ឆ្នាំជាដើម៕