កិច្ចប្រជុំគណៈកម្មាធិការបង្ការ និងត្រួតពិនិត្យការចម្លងរោគនៃមន្ទីរពេទ្យសម្រាប់ឆ្នាំ២០២៤.២០២៥
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា÷ កិច្ចប្រជុំនេះមានគោលបំណង បង្ហាញក្របខណ្ឌផែនការ សកម្មភាពការអនុវត្តការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ និងបង្ហាញពីវឌ្ឍនៈភាព នៃការអនុវត្តការបង្ការនិងការត្រួតពិនិត្យការចម្លងរោគក្នុងឆ្នាំ២០២៤ នឹងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់បន្ថែមជូនដល់អង្គប្រជុំ ដោយសូមឲ្យយកចិត្តទុកដាក់លើការធ្វើអនាម័យដៃ ការគ្រប់គ្រងសំណល់ ការសម្លាប់មេរោគលើសម្ភារប្រើប្រាស់ឡើងវិញ កាត់បន្ថយភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការឈានទៅបង្កើតផ្នែកការបង្ការនិងត្រួតពិនិត្យការចម្លងរោគនៅតាមមន្ទីរពេទ្យនីមួយៗ។ ឯឯកឧត្តមសាស្រ្តាចារ្យ ក៏បានសំណូមពរដល់ដៃគូរអភិវឌ្ឍទាំងអស់ចូលរួមគាំទ្របន្តទៀតទាំងថវិកា និងបច្ចេកទេស ព្រមទាំងជួយដល់ការបោះពុម្ភផ្សព្វផ្សាយនូវគោលការណ៍ណែនាំជាតិ និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានដល់គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាល និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះនៅក្នុងពេលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មាធិការបង្ការ និងត្រួតពិនិត្យការចម្លងរោគ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤មុននេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងដើម្បីពង្រឹងការអនុវត្ត IPC ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍ក្នុងអង្គប្រជុំនោះដែរ លោកស្រីវេជ្ជបណ្ឌិត Li Zhao អ្នកជំនាញ IPC ប្រចាំអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីខាងលិច បានធ្វើគូសបញ្ជាក់បង្ហាញពីក្របខណ្ឌទាំង៨រួមមាន៖ (១) ការប្តេជ្ញាចិត្តផ្នែកនយោបាយលើ IPC (២)
កម្មវិធី IPC សកម្ម (៣) ការរួមបញ្ចូល និងការសម្របសម្រួល IPC (៤) ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល (៥) ប្រើប្រាស់ទិន្នន័យសម្រាប់លើកជាសកម្មភាព (៦) ការប្រាស្រ័យទាក់ទង (៧) ស្រាវជ្រាវ និងអភិវឌ្ឍន៍
និង (៨) កិច្ចសហការ និងការគាំទ្រពីភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ឯកឧត្តមសាស្ត្រាចារ្យ យី ស៊ីយ៉ាន មន្ទីរពេទ្យជាតិ តំណាងដៃគូ WHO JICA KOICA USAID-EQHAII KHANA NUS។