ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើគណៈមេធាវីបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រោយចង្វា។ គួរជម្រាបថា លោក សាំង វណ្ណៈ ត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី១៥ (រយៈពេលអាណត្តិ៤ឆ្នាំ)។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជួយសម្របសម្រួលបានផ្តល់សេចក្តីទុកចិត្ត និងបានផ្តល់ឱកាសដល់គណៈមេធាវីនិងមេធាវីលើការងារ៤ចំណុចធំៗ គឺ៖

ទី១-បានជួយសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ដែលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ គណៈមេធាវីទទួលបានថវិកាចំនួន២,៦០០លានរៀល ពីកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ សម្រាប់ចំណាយលើការការពារក្តីជូនជនក្រីក្រ។

ទី២-បានផ្តល់ជូនគណៈមេធាវីនូវកិច្ចគាំពារផ្នែករដ្ឋបាល សាលសិក្សា និងបន្ទប់ការិយាល័យសម្រាប់បណ្តុះបណ្តាលសិស្សមេធាវី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្របតាមអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។

ទី៣-បានស្នើតែងតាំងនិងផ្តល់ឋានៈដល់មេធាវី ជាសមាជិកក្រុមប្រឹក្សានីតិកម្មនិងយុត្តិធ៌ម ទីប្រឹក្សា និងជំនួយការអមក្រសួងយុត្តិធម៌។

ទី៤-បានផ្តល់ឱកាសដល់គណៈមេធាវី ក្នុងការចូលរួមជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបានផ្តល់ឱកាសដល់មេធាវី ក្នុងការចូលរួមជាសន្ធានការីធ្វើការសម្របសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងក្របខ័ណ្ឌ អ.ដ.ក. និងក្នុងក្របខ័ណ្ឌនៃវិជ្ជាជីវៈ ដូចមានកំណត់ក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវី។

នាឱកាសពិធីបិទសន្និបាតនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៤ បានដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២៥ ចំនួន១៦ចំណុច ដើម្បីនិរន្តរភាព និងបន្តលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី៖

១-បន្តអនុវត្តគោនយោបាយមេធាវីវ័យក្មេង។

២-បន្តយកចិត្តទុកដាក់ដល់សុខទុក្ខនិងសុខុមាលភាពរបស់មេធាវីដែលមានវ័យចាស់។

៣-បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គម និងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។

៤-សិក្សា ស្រាវជ្រាវ និងពិភាក្សាលើការបង្កើតយន្តការផ្តល់សេវាសន្ធានការីក្នុងក្របខ័ណ្ឌ គណៈមេធាវីដល់សាធារណជន ដើម្បីពង្រីកសេវាកម្មរបស់វិជ្ជាជីវៈមេធាវី។

៥-បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ។

៦-សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត។

៧-បន្តកិច្ចពិភាក្សានិងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។

៨-បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។

៩-បន្តពិនិត្យនិងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។

១០-បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់និងវិធានវិជ្ជាជីវៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។

១១-បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។

១២-បន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវីនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយលេខ០៩៨/សសគម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពិគ្រោះយោបល់និងការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។

១៣-បន្តអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាន និងបន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ។

១៤-បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំ សិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការ វិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម ជាពិសេសត្រូវចេះប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់នូវការរីកនៃបច្ចេកវិទ្យា ហើយយកចំណេះដឹងនេះមកប្រើប្រាស់ជាឧត្តមប្រយោជន៍នៃកិច្ចការងារមេធាវីរបស់ខ្លួន។

១៥-បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរឡើង។

១៦-អនុវត្តគោលនយោបាយ និងសកម្មភាពផ្សេងៗទៀត ដែលដាក់ចេញដោយថ្នាក់ដឹកនាំគណៈមេធាវីអាណត្តិថ្មី។

លើសពីនេះ ឯកឧត្ត  លី ច័ន្ទតុលា បានស្នើសុំសហភាតាត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ចាប់យកជំនាញច្បាស់លាស់ក្នុងវិស័យច្បាប់ណាមួយ និងត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធាននិងសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូរ ទាំងក្នុងពេលប្រកបវិជ្ជាជីវៈ ទាំងនៅក្រៅពេលប្រកបវិជ្ជាជីវៈ ពីព្រោះសមត្ថភាព សីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ គឺជាសរសរស្តម្ភយ៉ាងរឹងមាំសម្រាប់លើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈរបស់មេធាវីម្នាក់ៗ។

សូមជម្រាបថា ឯកឧត្តម លី ច័ន្ទតុលា ក៏បានចូលរួមអបអរសាទរចំពោះលោក សាំង វណ្ណៈ ប្រធានគណៈមេធាវីអាណត្តិទី១៥ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ចំនួន៣៣រូប ដើម្បីបន្តដឹកនាំនិងគ្រប់គ្រងគណៈមេធាវីប្រកបដោយភាពរលូន ស្និទ្ធស្នាល ភារតភាព សាមគ្គីនិងឯកភាពផ្ទៃក្នុង និងទទួលបានជោគជ័យតាមការគ្រោងទុក៕