ពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំឡើងជាលើកទី៣០២ ស្មើនឹង១០៣០ចំណងជើងព្រះធម៌
ឯកឧត្តម កែ សំអឿន បានមានប្រសាសន៍ថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការរយៈយ៉ាងរលូន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនារៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានកូនខ្មែរ ប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឲ្យស្គាល់នៅបុណ្យ បាប ល្អ អាក្រក់ ហើយជៀសឲ្យផុតនៅ គ្រឿងញៀន ស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនៗយកចិត្តខំប្រឹងរៀនសូត្រ។
ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣០២ ស្មើនឹង១០៣០ ចំណងជើងព្រះធម៌ ដែលប្រារព្ធឡើងនៅទីស្តីការក្រសួង រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋ បានមានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំ ដល់សង្គមរួមមាន៖
១- ការយល់ដឹងនូវព្រះធម៌ ដើម្បីប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។
៣-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។
៤-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។
៥-បង្ការគ្រោះថ្នាក់ចរាចរ។
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។
៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។
៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។
១០-ចូលរួមផ្សព្វផ្សាយពីហានីភ័យ ដែលកើតពីផ្សែងធូប ផ្សែហ៊ងភ្លើងទៀន ក៏ដូចជាផ្សែងដុចក្រដាសចិនសែ ធ្វើយ៉ាងណាឲ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ ។
ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសតាមរយៈពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៏ខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិនិងសង្គម ។
សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣០២នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយ ព្រះបវរសត្ថា ហួរសារិទ្ធ , ព្រះមេធានុរ័ក្ខ វជិរប្បញ្ញោបណ្ឌិត គូ សុភាព, ព្រះវិរិយមង្គល ទូច ពិសិទ្ធ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕