មណ្ឌលស្ដារនីតិសម្បទាព្យាបាលគ្រឿងញៀន (DTA) បានសម្ភោធទីតាំងថ្មីរបស់ខ្លួន ជាមួយការពង្រឹងសេវាកម្ម កាន់តែខ្លាំងក្លាជាងមុន
មជ្ឈមណ្ឌលស្តារនីតិសម្បទាព្យាបាលអ្នកញៀនគ្រឿងញៀន ឌីធីអេ (DTA) បានផ្លាស់ប្តូរទីតាំងថ្មី និងសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃ ជាយក្រុង ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រមាណជាង 20 km ពីទីតាំងមជ្ឈមណ្ឌលចាស់។
មជ្ឈមណ្ឌល DTA ត្រូវបានចាត់ទុកជាកន្លែង ដែលបានជួយជនរងគ្រោះពីបញ្ហាគ្រឿងញៀនរាប់ពាន់នាក់ ខណៈដែលបច្ចុប្បន្នមជ្ឈមណ្ឌលបានព្យាបាលរួច និងបានធ្វើសមាហរណកម្ម ទៅជួបជុំគ្រួសារវិញ បានចំនួន៨៩៣៨នាក់ ស្រី១០១២នាក់ និងកំពុងស្នាក់នៅព្យាបាលជាក់ស្តែងសព្វថ្ងៃនេះ ចំនួន១៥០នាក់ ស្រី១៤នាក់។
ឯកឧត្តម ព្រុំ សុខា បានមានប្រសាសន៍គាំទ្រចំពោះមជ្ឈមណ្ឌលដែលបានពង្រីកទីតាំងរបស់ខ្លួន ក្នុងការជួយ សង្គ្រោះដល់ជនរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ អាណាព្យាបាល ដែលមានសមាជិកគ្រួសារប្រើប្រាស់គ្រឿងញៀន បន្ថែមទៀត។ ឯកឧត្តម បានបន្តថា គ្រឿងញៀនជាបញ្ហាសកល ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាការងារអាទិភាព ក្នុងបានជំរុញឲ្យមានការចូលរួមគ្រប់សកម្មភាព និងគ្រប់ទីកន្លែង ដើម្បីជួយស្តារនីតិសម្បទាដល់ជនរងគ្រោះ និងធ្វើឲ្យសង្គមជាតិមានសុខសុវត្ថិភាព។
ឯកឧត្តម ហង្ស ជឿន ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន ឌីធីអេ (DTA) បានមានប្រសាសន៍ថា អស់រយៈពេល១៦ឆ្នាំមកហើយ ដែលឯកឧត្តមបានបង្កើតមជ្ឈមណ្ឌល ឌីធីអេ (DTA) នេះឡើង ក្នុងគោលបំណងជួយស្តារ បង្ក្រាប និងព្យាបាលជនដែលទទួលរងគ្រោះពីគ្រឿងញៀន។
ចំពោះទីតាំងថ្មីនេះ បានចាប់ផ្តើមសាងសង់អស់រយៈពេល១ឆ្នាំពេញ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បានចំណាយថវិកាប្រមាណ ១លានដុល្លារអាមេរិក ដោយក្នុងនោះមានអគារសម្រាប់ដាក់ជនរងគ្រោះចំនួន២ខ្នង (អគារ២ជាន់១ខ្នង និង១ជាន់១ខ្នង) អគារថ្នាក់ដឹកនាំ និងបុគ្គលិកស្នាក់នៅចំនួន២ខ្នង អគារសាលប្រជុំ១ខ្នង អគាររដ្ឋបាល១ខ្នង អគារស្នាក់នៅបុគ្គលិកសន្តិសុខ របងបេតុង រោងបាយ បន្ទប់ដាំស្ល និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
មកដល់ពេលនេះ មជ្ឈមណ្ឌល DTA បានផ្លាស់ប្តូរទីតាំងទីស្នាក់ការចំនួន០២ដងរួចមកហើយ។ ដោយលើកទី១ មានទីស្នាក់ការ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប៉ុន្តែដោយសារអ្នកចូលមកព្យាបាលកើនឡើង នៅឆ្នាំ២០១០ មជ្ឈមណ្ឌកបានរើទីតាំងទៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានចម្ងាយពីគ្នាប្រហែល២៥០០ម៉ែត្រប៉ុណ្ណោះ។
រហូតមកដល់ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌល DTA បានសម្រេចប្តូរទីតាំងជាលើកទី៣ ដែលជាទីតាំងសម្ពោធនាឱកាសនេះ ស្ថិតភូមិតាស្គរ សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕